ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង៖ នាយករដ្ឋមន្ត្រីជប៉ុនបានស្នើឱ្យមានជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន

ចែករំលែក៖

កូរ៉េខាងជើងបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ថ្មីៗនេះបានបញ្ជូនព័ត៌មានទៅកាន់ទីក្រុងព្យុងយ៉ាងអំពីចេតនារបស់គាត់ក្នុងការរៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន។
ក្នុងសេចក្តីថ្លែងការណ៍ផ្សាយចេញដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អ្នកនាង Kim Yo Jong បាននិយាយដូច្នេះថា «ថ្មីៗនេះ លោក Kishida បានបង្ហាញពីបំណងចង់ជួបប្រធានគណៈកម្មការកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (លោក គីម ជុងអ៊ុន) ក្នុងពេលឆាប់ៗតាមតែអាចធ្វើទៅបាន»។ លោក Kishida ធ្លាប់បាននិយាយថា រូបលោកចង់ផ្លាស់ប្តូរទំនាក់ទំនងរវាងទីក្រុងតូក្យូ នឹងទីក្រុងព្យុងយ៉ាង ហើយកាលពីឆ្នាំទៅមិញបានបង្ហាញពីបំណងចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយពុំមានកំណត់លក្ខខណ្ឌអ្វីទាំងអស់ អំឡុងសុន្ទរកថាមួយនៅមហាសន្និបាតអង្គការសហប្រជាជាតិ។
កាលពីខែមុន អ្នកនាង Kim Yo Jong ដែលជាបុគ្គលដ៏មានឥទ្ធិពលមួយរូប និងជាអ្នកនាំពាក្យសំខាន់របស់រដ្ឋាភិបាលកូរ៉េខាងជើង ក៏បានបង្ហាញសញ្ញាផងដែរអំពីលទ្ធភាពនៃការអញ្ជើញលោក Kishida មកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនាពេលអនាគត។ យ៉ាងណាក្តី នៅថ្ងៃចន្ទនេះ អ្នកនាងបានលើកឡើងថា ការសម្រេចចិត្តផ្នែកនយោបាយរបស់ជប៉ុនគឺជាកត្តាចម្បងបំផុត ដើម្បីត្រួសត្រាយឱ្យមានទំព័រថ្មី នៅក្នុងទំនាក់ទំនងកូរ៉េខាងជើង-ជប៉ុន។ ភ្លាមៗក្រោយការចេញសេចក្តីថ្លែងការណ៍របស់ប្អូនស្រីលោក គីម ជុងអ៊ុន លោក Kishida ផ្ទាល់ ក៏បានចេញមុខនិយាយផងដែរថា កិច្ចពិភាក្សាជាន់ខ្ពស់ជាមួយកូរ៉េខាងជើងគឺមានសារសំខាន់។
អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Junichiro Koizumi ធ្លាប់បានបំពេញទស្សនកិច្ចមួយទៅកាន់ទីក្រុងព្យុងយ៉ាង ពេលដែលលោកនៅកាន់អំណាចកាលពីឆ្នាំ២០០២ ហើយបានជួបជាមួយឪពុករបស់លោក គីម គឺលោក គីម ជុងអ៉ីល៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖