ភ្នំពេញ ៖ ថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត ចាង ដេវ៉ាន (Chang Dae-whan) ប្រធានក្រុមហ៊ុន មេកខ្យង (Maekjung Group) ចូលជួបស្តែងការគួរសម និងពិភាក្សាការងារនៅ វិមាន៧មករា រាជធានីភ្នំពេញ។
សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្រុមហ៊ុន មេកខ្យង (Maekjung Group) នៅកម្ពុជា ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកក្នុងការស្វែងយល់អំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីជាឱកាសដល់ការវិនិយោគនៅកម្ពុជា។
លោក ចាង ដេវ៉ាន បានជម្រាបជូន សម្តេចតេជោ ថាឯកឧត្តម ពិតជាមានកិត្តិយសខ្លាំងណាស់ដែល សម្ដេចតេជោ បានអនុញ្ញាអោយចូលជួប សម្ដែងការគួរសម នៅពេលនេះ និង បានពាំនាំបណ្តាក្រុមហ៊ុនកូរ៉េ ជាច្រើន ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
នៅក្នុងជំនួបនេះ សម្តេចតេជោ បានជម្រាបជូនគណៈប្រតិភូអំពីប្រវត្តិទំនាក់ទំនងការទូតរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េដែល សម្តេចតេជោ ជាស្ថាបនិក និងបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦។
សម្តេចបានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងការទូតនេះបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ ប្រជាជនកម្ពុជា តាមរយៈក្រុមហ៊ុនកូរ៉េជាច្រើនបានមកវិនិយោគនៅកម្ពុជា ជំនួយអភិវឌ្ឍ ន៍ ការកសាង ហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សុខាភិបាល ។ល។ ជាពិសេសកូរ៉េខាងត្បូងបានទទួលយក ពលករកម្ពុជា ជាច្រើនម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េ។
ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោ បានស្នើដល់ភាគីទាំងពីរយកចិត្តទុក្ខដាក់ ដល់វិស័យសំខាន់ៗចំនួន ៥ គឺ៖
១. ពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ អោយកាន់តែរីកចម្រើនថែមទៀត
២. ជំរុញកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ អោយកាន់តែរីកចម្រើនរឹងមាំ
៣. ជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-សាធារណរដ្ឋកូរ៉េ អោយកាន់តែមានប្រសិទ្ធភាព
៤. ជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEPT)
៥. ជំរុញកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងកូរ៉េខាងត្បូង ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
ជាមួយគ្នានោះ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនប៊ូយ៉ុង នៅកម្ពុជា ដែលបានជួយដល់វិស័យសុខាភិបាល ពត៌មានវិទ្យា និងការផ្តល់រថយន្តក្រុងជាច្រើនគ្រឿង ដល់សាលារាជធានីភ្នំពេញ។
លោក ចាង ដេ វ៉ាន បានគោរពអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ទៅចូលរួមវេទិកា Forld Knowledge Forum ដែលនឹងរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង នាពេលខាងមុខ។
សម្តេចតេជោ ក៏បានទទួលយកការអញ្ជើញនេះ នឹងជូនពរដល់គណៈប្រតិភូ អោយទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕
ដោយ ៖ សិលា