ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ថៃ ជួបប្រជុំទ្វេភាគីលើកទី១៤ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖​ ក្រោយខកខានជួបប្រជុំគ្នាដោយសារបញ្ហាជំងឺកូវីដ-១៩ រហូតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ កម្ពុជា និងថៃបានបើកកិច្ចប្រជុំទ្វេភាគីឡើងវិញហើយដែលជាកិច្ចប្រជុំលើកទី១៤ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅរាជធានីភ្នំពេញ។ 

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតី នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ជាប្រធានក្រុមភាគីកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ផានូរ៉ាត លូកប៊ូន(Phanurat Lukboon)អគ្គលេខាធិការក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ជាប្រធានក្រុមភាគីថៃ។ 

ថ្លែងក្នុងកិច្ចប្រជុំនោះ លោកនាយឧត្តមសេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការ បានជម្រាបជូនពីលទ្ធផលការងារនិងអរគុណចំពោះរាជរដ្ឋាភិបាលថៃ និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃលើកិច្ចសហការនិងគាំទ្រស្ទើរគ្រប់វិស័យពិសេសក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាទាំងលើការងារអនុវត្តច្បាប់ ព្យាបាល ស្តារនីតិសម្បទា មន្ទីរពិសោធន៍ ការងារផ្សព្វផ្សាយ អប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងការអនុវត្តផែនការភូមិ ស គ្មានគ្រឿងញៀនពិសេសតាមរយៈឯកសារ អិលអូអេ(LOA) ដែលយើងបានអនុវត្តជាងរៀងរាល់ឆ្នាំ ។ កិច្ចប្រជុំលើកទី១៤ នេះបានបន្តធ្វើការពិនិត្យ ពិភាក្សាលើកិច្ចការដែលយើងបានសហការគ្នាអនុវត្តក្នុងពេលន្លងមកនិងស្វែងរកវិធាននិងវិធីសាស្ត្រថ្មីៗបន្ថែមទៀតក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀននៃប្រទេសយើងទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបបានជាក់ស្តែងទៅនឹងស្ថានភាព និងនិន្នាការបច្ចុប្បន្ន នៃបញ្ហាគ្រឿងញៀននៅក្នុងតំបន់ និងក្នុងប្រទេសយើងទាំងពីរ ការបង្កើតបន្ថែមនូវសកម្មភាពអនុវត្តផែនការរវាងប្រទេសទាំងពីរកម្ពុជា ថៃ។ 

ផ្អែកលើលទ្ធផលជំនួបប្រជុំទ្វេភាគីលើកទី១៣កន្លងទៅ លោកឧត្តមសេនីយ៍ឯក ផានូរ៉ាត លូកប៊ូន អគ្គលេខាធិការ បានកោតសសើរដល់កិច្ចសហការយ៉ាងល្អកម្ពុជា ថៃ ទទួលបានផ្លែផ្កាគួឲ្យកត់សម្គាល់ ។ ប្រទេសថៃជាប្រទេសរងគ្រោះពីការលបលួចចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែនពិសេសនៅតំបន់ព្រំដែនភាគខាងជើងនិងឥសាន្ត ពីតំបន់ត្រីកោណមាស។ ឈ្មួញគ្រឿងញៀនបរទេសបានប៉ុនប៉ងលបលួចប្រើប្រាស់អនុតំបន់ទន្លេមេគង្គដឹកជញ្ជូនគ្រឿងញៀនប្រភេទមេតំហ្វេមីន អិចស្តាស៊ី កេតាមីន ហេរ៉ូអ៊ីននិងសារធាតុគីមីផ្សំ ក្នុងនោះថៃជួបប្រទះនូវបញ្ហាប្រើប្រាស់ល្បាយមេតំហ្វេតាមីន កេតាមីន MDMA (ម្សៅទឹកសប្បាយ) Happy Water ។ 

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ផានុរ៉ាត លូកប៊ូន អគ្គលេខាធិការ បានអំពាវនាវឱ្យកម្ពុជា ថៃ ត្រូវបន្តពង្រឹងការបង្ការទប់ស្កាត់ ដើម្បីកាត់ផ្តាច់សង្វាក់បណ្តាញឧក្រិដ្ឋជនដែលតែងតែលបលួចបង្វែរសារធាតុគីមីផ្សំទៅផលិតគ្រឿងញៀន។ 

តាមរយៈកិច្ចប្រជុំនេះកម្ពុជា ថៃ បានរកឃើញនូវចំណុចគន្លឹះល្អៗនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតហើយជាប្រយោជន៍សម្រាប់ប្រជាជននិងប្រទេសយើងទាំងពីរក៏ដូចតំបន់យើងទាំងមូលហើយភាគីទាំងពីរកម្ពុជា ថៃបានឯកភាពបន្តរឹតបន្តឹងនូវចំណងមិត្តភាពកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជួយគ្នាទៅវិញទៅមកដើម្បីពង្រឹងបាននូវប្រសិទ្ធភាព និងការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

ដោយ​៖ តារា​


ចែករំលែក៖