ភ្នំពេញ៖ ក្រុមយុវជនយុវតី និងសិស្សចំនួន១១៣នាក់ មកពីបណ្ដាវិទ្យាល័យចំនួន១៦វិទ្យាល័យ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ចុះធ្វើការនាំខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការអប់រំណែនាំ ក្រោយពួកគេបាននាំគ្នាទៅប្រមូលផ្តុំគ្នា នៅក្បែររបងវិទ្យាល័យជាស៊ីមសាមគ្គី ដើម្បីលេងបាញ់ទឹក គប់ទឹក និងបាតម្ស៉ៅ ជាដើម ធ្វើឲ្យបាត់សណ្ដាប់ធ្នាប់។
ការចុះនាំខ្លួនសិស្ស និងក្រុមយុវជនដើម្បីយកទៅអប់រំនេះ ធ្វើឡើងនារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ។
ក្រោយការបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលហើយនោះ នគរបាលបានធ្វើការអប់រំណែនាំដល់ក្រុមយុវជនយុវតី និងសិស្សានុសិស្ស ឱ្យបញ្ឈប់ចំពោះការបន្តនាំគ្នាប្រមូលផ្តុំជាក្រុមៗ ក្នុងចំនួនមនុស្សច្រើនបែបនេះទៀត ពិសេសការលេងគប់ទឹក ឬបាតម្ស៉ៅ នៅតាមទីសាធារណៈ ដែលធ្វើឱ្យបាត់បង់របៀបរៀបរយសង្គម ហើយក៏ជាផ្នែកមួយ នៃការបង្កឱ្យមានជាគ្រោះថ្នាក់ផងដែរ ក្នុងពេលធ្វើដំណើរ ។
នគរបាលបានបន្ថែមថា បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺពុំទាន់ចូលមកដល់នោះឡើយ ដូច្នោះហើយ សូមប្អូនៗ ក្មួយៗជាយុវជន ជាសិស្ស សូមកុំប្រព្រឹត្តិ ឬធ្វើទង្វើទាំងឡាយណា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម បន្តទៀត ។ និងអប់រំណែនាំឲ្យគោរពច្បាប់ចរាចរណ៍។
សូមបញ្ជាក់ថា ក្រោយការអប់រំណែនាំរួច មនុស្សប្រុសស្រីទាំង១១៣នាក់ រួមទាំងម៉ូតូ៥១គ្រឿង ត្រូវយកឯកសារម៉ូតូមកផ្ទៀងផ្ទាត់ ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ នៅល្ងាចថ្ងៃខែដដែលនេះផងដែរ៕
ដោយ ៖ រ៉ារ៉ា