ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំយុវជន​ និងកីឡា​ បានចាប់ដៃជាមួយសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក​ គោដៅផ្លាស់ប្តូរធនធានអត្តពលិកកីឡាទៅវិញទៅមក

ចែករំលែក៖

ភ្នំពេញ ៖​ តំណាង ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា​ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៤​ ។ 

      ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ​យុវជន​ និងកីឡា​ បានលើកឡើងថា អនុស្សារណៈនៃការយោគយល់គ្នានេះ គឺជាកិច្ចព្រមព្រៀងផ្លូវការដែលតំណាងដោយភាគីចុះហត្ថលេខាក្នុងការខិតខំប្រឹងប្រែងរួមគ្នា សម្រាប់កំណត់នូវនិតិវិធី ដំណើរការ និងគោលដៅរវាងក្រសួងអប់រំយុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក​ គោលបំណងនៃអនុស្សារណៈយោគយល់គ្នានេះ គឺដើម្បីលើកម្ពស់ការចូលរួមនិងអភិវឌ្ឍកីឡា ក៏ដូចជាការផ្លាស់ប្តូរ មន្រ្តី គ្រូបង្វឹក អត្តពលិករវាងក្រសួងអប់រំយុវជននិងកីឡា និងសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក។ 

    ឯកឧត្តម បានគូសបញ្ជាក់ទៀតថា សកម្មភាពកិច្ចសហការនៃភាគីទាំងពីរ នឹងសហការគ្នា ពង្រីកសក្កានុពលភាពរបស់ភាគីទាំងពីរក្នុងការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងសកម្មភាពចាំបាច់នានា ក្នុងន័យជំរុញបន្ថែមទៀតនូវកម្រិតនៃ គុណផលកីឡាកម្ពុជាក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ​ ដោយភាគីទាំងពីរបានធ្វើរួមគ្នាជាយូមកហើយ ដោយទទួលបានជោគជ័យ ដូចជាការនាំយកកីឡាករកីឡាការិនីមានឈាមជ័រកូនខ្មែរនៅអាមេរិក មានកីឡាករបាល់បោះ និងកីឡាការិនី ជឺជេតស៊ូ ខាន់ ជេសា មកជួយប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងកីឡាទ្វីបអាស៊ីជាដើម។ គ្រាន់តែអំឡុងពេលនោះ យើងមិនទាន់ឈានដល់ការចុះអនុស្សារណៈយោគយល់គ្នានូវឡើយ។ប៉ុន្តែនៅពេលនេះអនុស្សារណៈយោគយល់គ្នានៃភាគីទាំងពីរបានប្រកាសជាផ្លូវការ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបើកទូលាយជូនចំពោះកីឡាករឈាមជ័យខ្មែរនៅក្រៅប្រទេសឲ្យចូលរួមជាមួយជម្រើសជាតិកម្ពុជា។

    សូមរំលឹកថា អនុស្សារណៈយោគយល់គ្នារវាងភាគីទាំងពីរនេះ មានសុពលភាពចាប់ពីថ្ងៃទី១ ខែ មេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែ មេសា ឆ្នាំ២០២៧៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖