ភ្នំពេញ៖ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសាលារៀនក្វាងចាវក្នុងខណ្ឌទួលគោក អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងអគ្គស្នងការដ្ឋាននគរបាលជាតិរួមគ្នាបើកសិក្ខាសាលាក្រោមប្រធានបទ ” រួមគ្នាស្វែងយល់ពីច្បាប់ចរាចរណ៍ និងផលប៉ះពាល់នៃគ្រឿងញៀនដល់បុគ្គលិក និងសិស្សានុសិស្សចំនួន៥៣១នាក់។
ថ្លែងក្នុងនាមគណ:គ្រប់គ្រងសាលាក្វាងចាវ លោក ជូ ធាងហាក់ នាយកសាលាចំណេះទូទៅបានមានមតិស្វាគមន៍និងរបាយការណ៍ពីសកម្មភាពចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលបណ្តុះបណ្តាលនូវធនធានមនុស្សចំណេះទូទៅជាភាសាខ្មែរ ចិន អង់គ្លេស។
ថ្លែងក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សុខ ណុប អនុប្រធាននាយកដ្ឋានចរាចរណ៍ បានមានប្រសាសន៍ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលគ្រប់ក្រុមគ្រួសារមានការព្រួយបារម្ភពិសេសគឺកូនចៅរបស់យើងចេញពីផ្ទះទៅសិក្សា និងធ្វើការ ពាក់មួកសុវត្ថិភាព១០០ភាគរយ “ការគោរពច្បាប់ចរាចរណ៍គឺនាំមកនូវសេចក្តីសុខសុវត្ថិភាព “។
ថ្លែងក្នុងនាមថ្នាក់ដឹកនាំ ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានអរគុណដល់គណ:គ្រប់គ្រងសាលារៀនក្វាងចាវ ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់សុខភាពសិក្សា និងសុវត្ថិភាព តាមរយ:ការសហការផ្តល់ចំណេះដឹងច្បាប់ចរាចរណ៍ និងផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិក សំដៅឱ្យសម្បទាទាំង៥របស់សិស្សរីកលូតលាស់ព្រមគ្នាក្លាយជាធនធានបន្តវេនដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីសិក្ខាសាលានេះទៅផ្សព្វផ្សាយបន្តដល់មនុស្សជាទីស្រឡាញ់ បង្កើតវេទិកាក្នុងគ្រួសារនិយាយពីគ្រោះថ្នាក់ និងផលវិបាក ការអង្កេតមើលបុគ្គលិកលក្ខណ:សមាជិកក្រុមគ្រួសារ និងត្រូវហ៊ានរាយការណ៍ពីករណីគ្រឿងញៀនក្នុងសហគមន៍ដើម្បីទទួលបានការអន្តរាគមន៍ដោះស្រាយបានទាន់ពេល “ការចូលរួមបង្ការ ឬបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនបានម្នាក់គឺជាកុសលដ៏ធំធេងអាចចូលរួមជួយឱ្យសហគមន៍សុខសាន្តនិងមានសុវត្ថិភាព “។
តាមរយ: វាគ្មិន វរសេនីយ៍ឯក ម៉ាន សុផាន់ណាឧត្តមសេនីយ៍ត្រី យិន យឿត និងឧត្តមសេនីយ៍ត្រី ឈិន ភូមា បានឱ្យដឹងថា អ្នកចូលរួមទាំងអស់ពិតជាទទួលបានចំណេះដឹងតាមរយ:ការឆ្លើយនូវសំណួររបស់សិស្សហើយពួកគាត់នឹងជួយផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិកនេះដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់របស់ពួកគាត់ និងបន្តចូលរួមគោរពច្បាប់ចរាចរណ៍៕
ដោយ៖ តារា