ព័ត៌មានទាន់ហេតុការណ៍៖

មានការរិះគន់ខ្លាំងទៅលើMV បទចម្រៀងថ្មី! អ្នកគាំទ្រស្នើអោយលោកឧកញ៉ាខេមរៈ សិរីមន្ត ចេញបទចម្រៀងបែបប្រពៃណីខ្លះផង

ចែករំលែក៖

ភ្នំពេញ៖ ទទួលបានការរិះគន់យ៉ាងព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ក្រោយលោកឧកញ៉ាខេមរៈ សិរីមន្ត បានចេញបទចម្រៀងថ្មី ដោយភ្ជាប់ជាមួយMV រាំគ្រលែងនៅតាម Pub Street អមជាមួយការកាន់កាំភ្លើងបាញ់ទឹក មើលទៅមិនសមទំនង ដោយមហាជនជាច្រើនបាននាំគ្នានិយាយថា អត្ថន័យបទចម្រៀងដូចមិនអីនោះទេ តែការរាំលេងបាញ់ទឹក ដូចមិនមែនជាប្រពៃណីខ្មែរ។

ក្នុងឱកាសកៀកចូលដល់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ យើងសង្កេតឃើញថា មានតារាចម្រៀងជាច្រើនបាននាំគ្នាចេញបទចម្រៀងដើម្បីជាការអបអរដល់ថ្ងៃចូលឆ្នាំថ្មីដែលខិតជិតមកដល់។ ក្នុងនោះលោកឧកញ៉ាខេមរៈ សិរីមន្តក៏បានចេញបទចម្រៀងមួយបទដែរ ដែលមានចំណងជើងថា «ឆ្នាំហ្នឹងសប្បាយខ្លាំង» អមជាមួយMV បទភ្លេងបែបញាក់កន្រ្តាក់អារម្មណ៍ និងក្បាច់រាំមើលទៅឃើញយ៉ាងសប្បាយ។ តែជាក់ស្តែងអ្វីដែលទទួលបានពីការចេញបទចម្រៀងមួយនេះ គឺមានពាក្យរិះគន់ជាច្រើន ថាហេតុអ្វីមិនចេញបទបែបប្រពៃណីខ្លះ បទពីមុនៗគ្រាន់ចេញមកស្តាប់បានខ្លះ ឥឡូវវិញចប់ម៉ង។

ជាមួយនឹងការបកស្រាយពីការរិះគន់នៅលើMV លោកឧកញ៉ាខេមរៈ សិរីមន្តបានរៀបរាប់ថា៖ សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចាប់អារម្មណ៍ MV បទ “ឆ្នាំហ្នឹងសប្បាយខ្លាំង”បទនេះមិនមែនជាបទបែបប្រពៃណីទេគឺជាបទបែបសប្បាយៗ ចង្វាក់បែបទំនើប តាមសម័យកាលទំនើប ហើយមួយវិញទៀត យើងបានផ្សារភ្ជាប់ជាមួយនឹងក្អមខ្មែរនិងកាំភ្លើងជ័ររបស់ក្មេងៗលេង មានប្រភពមកពីអឺរ៉ុប ដែលមានលក់ពាសពេញពិភពលោក ហើយយើងបានច្នៃដាក់អក្សរអង់គ្លេសថា “I love Cambodia” និងអក្សរខ្មែរថា “ខ្ញុំស្រលាញ់កម្ពុជា” នៅលើកាំភ្លើងផងដែរ សង្ឃឹមថាបងប្អូននឹងរីករាយរាំលេង នាពេលចូលឆ្នាំថ្មីខាងមុខនេះ ហើយខ្ញុំបាទ ក៏មានបទចម្រៀងលក្ខណៈប្រពៃណីជាច្រើនបទទៀតដែលត្រៀមចេញផងដែរពេញលេងហើយធីមយើង។

ក្រោយមានការបកស្រាយហើយនោះ មានមតិមួយចំនួនក៏បានសំណូមពរថា៖ ស្នើសុំបងចេញបទប្រពៃណី ពីព្រោះត្រូវថែរក្សាអត្តសញ្ញាណជាតិរបស់យើង ចូលឆ្នាំខ្មែរ គឺបង្ហាញអំពី ប្រពៃណីខ្មែរ ទំនៀមទម្លាប់ដូនតាខែ្មរ កុំអោយបាត់បង់ នោះបរទេសគេ និងយល់អំពីទំនៀមទម្លាប់ វប្បធម៌ខ្មែរកាន់តែច្បាស់! សូមអរគុណក្នុងនាមជាខ្មែរ។

តបជាមួយការសំណូមពរ និងមតិរិះគន់លោកឧកញ៉ាខេមរៈ សិរីមន្ត ក៏បានចេញសារតបទៅវិញថា៖ បងប្អូនស្នើរសុំខ្ញុំអោយចេញបទបែបប្រពៃណីខ្ញុំនឹងចេញក្នុងពេលឆាប់ៗនេះតែខ្ញុំបាទសុំពីបងប្អូនវិញគឺសុំ 1Mរយៈពេលមួយថ្ងៃក្នុងយូធូបតើបានទេ ។

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ មតិ​មហាជនទូទៅ​ ក៏បានលើកឡើងថា​ សូម​ឱ្យលោកឧកញ៉ាខេមរៈ សិរីមន្ត ចំពោះ​ការ​ច្រៀង​ និងថត​ MV​ សូមធ្វេីឱ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បែប​ប្រពៃណី​ខ្មែរ​ និង​ឱ្យបាន​ពិរោះ​ទៅបានហេីយ​ ព្រោះ​ប្រសិន​បើ​លោក​ចង់ឱ្យ​ពលរដ្ឋ​គ្រាំទ្រខ្លួននោះ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖