ភ្នំពេញ ៖ លោក សុខ ឥសាន បានចាត់ទុក ចលនាខ្មែរដើម្បីប្រជាធិបតេយ្យបង្កើតឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម មិនមែនជារបស់ខ្មែរទូទៅទេ ការយកឈ្មោះខ្មែរទូទៅមកប្រើគ្រាន់ជាល្បិចកលក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម។
លោកថា ៖ ការបង្កើតរបស់ហៅថាចលនាខ្មែរដើម្បីប្រជាធិបតេយ្យជាក្តីសង្ឃឹមរបស់យុវជនខ្មែរនៅក្រៅប្រទេស តែមិនមានការចាប់អារម្មណ៍ពីយុវជនខ្មែរនៅក្នុងប្រទេសទេ។ មួយវិញទៀតរបស់ហៅថាចលនាខ្មែរដើម្បីប្រជាធិបតេយ្យបង្កើតនៅក្រៅប្រទេសនិងអាចធ្វើសកម្មភាពតែនៅក្រៅប្រទេសប៉ុណ្ណោះ មិនអាចអើតក្បាលចូលក្នុងប្រទេសជាដាច់ខាត នៅកម្ពុជាមានប្រជាធិបតេយ្យរួចហើយ មិនត្រូវការប្រជាធិបតេយ្យពីក្រៅអីទៀតទេ។ ការនិយាយពីរឿងចរចា គឺអត់ផ្លូវទេ ដាច់ខាតអត់មានត្រូវចរចាជាមួយនរណាឬក្រុមណាឡើយ ព្រោះកម្ពុជាអត់មានវិវាទនយោបាយទេ។ សព្វថ្ងៃនេះកម្ពុជាកំពុងដំណើរការលទ្ធិប្រជាធិបតេយ្យដោយរលូនស្របតាមឆន្ទៈប្រជាជនកម្ពុជាទូទាំងប្រទេសកម្ពុជា អត់ត្រូវការកម្លាំងនយោបាយជ្រុលនិយមណាមកធ្វើសកម្មភាព បំផ្លាញប្រជាធិបតេយ្យដែលកំពុងរីកចម្រើននៅកម្ពុជាទេ។ កម្លាំងនយោបាយណាក៏ដោយក្រោមរូបភាពណាក៏ដោយដែលមិនបានផ្តាច់ខ្លួនចេញពីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេ មិនត្រូវបានស្វាគមន៍ពីប្រជាជនកម្ពុជាជាដាច់ខាត ។ កម្លាំងនយោបាយដែលគ្រាន់តែប្រើរូបភាពក្លែងបន្លំថាផ្តាច់ខ្លួនពីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម មិនត្រូវបានស្វាគមន៍ឡើយ។ ការប្រែកាឡាខ្លួនជាអង្គការចាត់តាំងនយោបាយណាក៏ដោយ បើមិនប្រកាសផ្តាច់ខ្លួនពិតប្រាកដពីក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេ នឹងមិនត្រូវឲ្យចូលរួមក្នុងសហគមន៍ខ្មែរក្នុងប្រទេសឡើយ។ បើទោះប្រែកាឡាខ្លួនតាមរូបភាពណាក៏ដោយ មិនអាចបោកប្រាស់ប្រជាជនកម្ពុជាក្នុងស្រុកបានជាដាច់ខាត។ យុវជនកម្ពុជាដែលជាឈាមថ្មីរាប់លាននាក់ក្នុងប្រទេសត្រៀមខ្លួនជានិច្ច ក្នុងការរ៉ាប់រងជោគវាសនាអនាគតភ្លឺស្វាងនៃប្រទេសជាតិកម្ពុជា៕
ដោយ ៖ សិលា