ព័ត៌មានទាន់ហេតុការណ៍៖

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ដឹកនាំចុះធ្វើការផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្ស​ ក្នុងឱកាសដែលវិទ្យាល័យឫស្សីកែវ រៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី មិនឱ្យមានលេងប៉ាតម្សៅ គប់ ទឹក បាញ់ទឹក ដាក់គ្នាក្នុងបរិវេណសាលា

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ  លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសហការជាមួយ លោកនាយកវិទ្យល័យឫស្សីកែវ ដើម្បីធ្វើការផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្ស​ ក្នុងឱកាសដែលវិទ្យាល័យឫស្សីកែវ រៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ មិនឱ្យមានលេងប៉ាតម្សៅ គប់ ទឹក បាញ់ទឹក ដាក់គ្នាក្នុងបរិវេណសាលា និងនាំគ្នាប្រមូលផ្តុំជិះម៉ូតូ ស្រែកហ៊ោកញ្ជ្រៀវ តាមដងផ្លូវសាធារណៈ ដែលបង្កឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ។ 

សូមជម្រាបថា​ ស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសាម្សិលមិញនេះ​ សូមប្រកាសណែនាំឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពលេងប៉ាតម្សៅ គប់ ទឹក បាញ់ទឹក របស់ក្មេងសិស្សសាលាបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ និងនាំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋនិងសេចក្ដីថ្លៃថ្នូរ។

ដោយថ្មីនេះៗសង្កេតឃើញថានៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នា២០២៤ បានរៀបចំសង្រ្កានឆ្នាំថ្មី ដែលមានសិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គឺ និងសិស្សតាមបណ្តាសាលាមួយចំនួនទៀតបានចូលរួមលេងសប្បាយរីករាយនៅក្នុងសាលា ហើយក៏នាំគ្នាមកលេងប៉ាតម្សៅ គប់ ទឹក បាញ់ទឹក នៅក្រៅបរិវេណសាលា និងបានជិះម៉ូតូជាក្រុមៗ ចេញក្រៅបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យបង្កការរំខាននិងប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋធ្វើដំណើរ។

ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ តាមបណ្តាសាលារៀន និងនៅតាមផ្លូវសាធារណៈ ទប់ស្កាត់និងនាំយកមកអប់រំ រាល់សកម្មភាពក្មេងសិស្សសាលាដែលជិះម៉ូតូឈូឈរជាក្រុមៗបង្កភាពរញ៉េរញ៉ៃតាមផ្លូវសាធារណៈ និងពិនិត្យសកម្មភាពក្រុមក្មេងទាំងនោះ បើសិនជាធ្វើសកម្មភាពដែលប្រព្រឹត្តបទល្មើសខុសច្បាប់ និងរឹងទទឹងមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ត្រូវមានវិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងជាពិសេសកាលពីពេលថ្មីៗនេះមានសិស្សជាង១០០នាក់ដែលបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈគ ..;ប់ ទឹក ប៉ាតម្សៅ និងបាញ់ទឹក ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់យកអប់រំធ្វើកិច្ចសន្យាម្តងរួចមកហើយ បើក្នុងករណីមិនរាងចាលត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត។ 

ណែនាំអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវសហការជាមួយលោកនាយកសាលា និងគ្រូតាមបណ្តាសាលារៀនចុះអប់រំឱ្យសិស្សានុសិស្សទាំងអស់ត្រូវ ចូលរួមគោរពច្បាប់ គោរពសេចក្តីណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងចូលរួមលើកកម្ពស់ថែរក្សាសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនិងស្នើសុំឱ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។​ អាស្រ័យដូចខាងលើ សូម លោកនាយកសាលា គ្រឹះស្ថានសិក្សា និង អាណាព្យាបាល ចូលរួមជួយ អប់រំទប់ស្កាត់ ជាមួយយើងខ្ញុំ៕

ដោយ​៖ តារា​


ចែករំលែក៖