ភ្នំពេញ៖ ក្រោយធ្លាយវីដេអូប្រើប្រាស់ហិង្សាលើស្ដ្រីនៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឱ្យកម្លាំងជំនាញស្រាវជ្រាវ និងនាំខ្លួនបុរសម្នាក់មកធ្វើការសួរនាំ ដេីម្បីឱ្យដឹងច្បាស់នៃរឿងហេតុ។ នេះបេីយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានគូសបញ្ជាក់ថា៖ «ក្រោយឃើញតាមបណ្តាញព័ត៌មានសង្គមបង្ហោះករណីបុរសម្នាក់ បានប្រើអំពើហិង្សាទៅលើស្រ្តីម្នាក់នៅក្នុងបន្ទប់ជួលមួយកន្លែង។លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បុរសនោះយកមកសាកសួរនោះហើយ»។
លោកអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បបានបញ្ជាឱ្យបុរសនោះ ចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឬនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចទៅឃាត់ខ្លួន។
សូមជម្រាបជូនថា ក្រោយការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្រាប់តែបុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះ ដែន សូនី(Den Sony)បានចេញមកអះអាងថា នោះជាវីដេអូខ្លួន ហើយសកម្មភាពនៃការប្រើហិង្សានោះ គ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។ ប៉ុន្ដែទោះបីសាមីខ្លួនចេញមកសារភាពបែបនេះក្ដី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅតែគូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញនឹងកោះហៅបុគ្គលនោះមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្ដតាមនីតិវិធី មិនមែនបញ្ជាក់ថា គ្រាន់តែសម្ដែងរួចខ្លួននោះទេ៕
ដោយ៖ តារា