ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីលោក វង សូត អនុប្រធានទី២ រដ្ឋសភា និងលោកស្រី ហេង ពៅ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅ ស្រី,លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យអនុប្រធានទី២រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងលោកស្រីព្រមទាំងបុត្រាបុត្រី និងឯកឧត្តមលោក ជំទាវ ពុកម៉ែ លោកយាយ លោកតា បងប្អូនញាតិមិត្តប្រុសស្រីទាំងជិតឆ្ងាយ បានអញ្ជើញសូត្រមន្ដចម្រើនព្រះបរិត្ត និងបង្សុកូល ឧទ្ទិសដល់វិញ្ញាណក្ខន្ធបុព្វការីជន នាឱកាសរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសូមជូនបុណ្យកុសលដល់ យាយតា ពុកម៉ែ បងប្អូន កូនក្មួយប្រុសស្រីទាំងអស់ដោយសទ្ធាជ្រះថ្លា ព្រមទាំងបាននាំយកទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃគង់នៅវត្តគីរីសុវណ្ណារាម (ហៅវត្តថ្កូវ) ស្ថិតនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងក្រុមគ្រួសារ បានថ្វាយគ្រឿងសក្ការៈបូជាមានដូចជា ទៀន ធូប ផ្កាភ្ញី ដើម្បីបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម «មហោទរាទេវី» ជាបុត្រីទី៧ កបិលមហាព្រហ្ម ដែលនឹងយាងចុះមកថែរក្សាមនុស្សលោក នៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខ សូមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋយើងទាំងអស់ឱ្យជួបតែសុខសប្បាយ សំណាងល្អ គ្រប់ៗគ្នាតរៀងទៅ ៕
ដោយ៖ សូរិយា