ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឆ្លើយតបជូន ឯកឧត្ដម ង្វៀន ភូជុង អគ្គលេខាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាល គណបក្សកុម្មុយនីស្តវៀតណាម

ហាណូយ

ឯកឧត្តមជាទីគោរពរាប់អាន!

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសារលិខិតជូនពររបស់ ឯកឧត្តម ចំពោះរូបខ្ញុំ ថ្នាក់ ដឹកនាំដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរសាទរដ៏កក់ ក្តៅបំផុតរបស់ ឯកឧត្តម រួមនឹងភួងផ្កាដ៏ស្រស់ស្អាតជូនដល់រូបខ្ញុំ ក្នុងឱកាសដែលរូបខ្ញុំត្រូវបានបោះឆ្នោត ជ្រើសតាំងជាប្រធានព្រឹទ្ធសភា នៃប្រទេសកម្ពុជានាពេលថ្មីៗនេះ។

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនាបងប្អូនរបស់ ឯកឧត្តម និងថ្នាក់ដឹកនាំដទៃទៀតនៃ គណបក្សកុម្មុយនីស្តវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាម ព្រមទាំងចំពោះការគាំទ្រ និងទំនុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសនាពេលកន្លងមក។ តាមពិត សមិទ្ធផលរបស់យើងខ្ញុំ មិនអាចកាត់ផ្តាច់ចេញពីជំនួយដ៏ សប្បុរសរបស់គណបក្សកុម្មុយនីស្តវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាមជាបងប្អូនបានទេ។

ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហ ប្រតិបត្តិការដ៏រឹងមាំរវាងគណបក្ស និងរដ្ឋាភិបាលរបស់យើងទាំងពីរ ដែលត្រូវបានពង្រឹងបន្ថែមទៀតក្រោម មន្ត “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ដើម្បី ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនយើងទាំងពីរ។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងជូនពរមានសុខភាពល្អ និងជោគជ័យជា បន្តបន្ទាប់៕

ដោយ ៖ សិលា


ចែករំលែក៖