ខេត្តកំពត៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពតនារសៀលថ្ងៃទី៩ ខែតុលា បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៥និង០៥នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកើតឡើងនៅចំណុចភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត បង្កឡើងដោយជនសង្ស័យឈ្មោះ នី ប្រុសពៅ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពប្រើកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះ នេន មិថុនាហៅ(យូ) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យរងរបួសត្រង់កំភួនដៃខាងឆ្វេង។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានចុះសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពតនិងខេត្តកំពង់ចាម ធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
លុះនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៤៥នាទី កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើត្រង់ចំណុចភូមិសណ្តាន់ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច