ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ម៉ែន សំអន កាន់វេនបិណ្ឌទី១៣ នៅវត្តចំនួន៣ ស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងរាបបាត្រ ដើម្បីឧទ្ទិសកុសលជូនវីរៈយុជន ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ 

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណ បក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម កាន់វេនបិណ្ឌទី១៣ នៅវត្តចំនួន៣ ស្ថិតក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីឧទ្ទិសកុសលជូនវីរៈយុជន ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ នាថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ។

ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀតដែលប្រជ ពលរដ្ឋខ្មែរតែងគោរពប្រណិប័តន៍ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា បុព្វការីជនដែលបានលាចាកទៅលោកខាងមុខ។ ប្រជាពលរដ្ឋភាគច្រើនបានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាម ពិធីបុណ្យភ្ជុំបិណ្ឌ តែងប្រារព្ធឡើងនៅរៀងរាល់ខែភទ្របទ នៅថ្ងៃ១ រោច រហូតដល់វេលា ១៥ រោច ដែលគុណគូ ទៅតាមប្រតិទិន នៃចន្ទគតិ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ ។

វត្តចំនួន៣នោះរួមមាន (១) វត្តច័ន្ទបុរីវង្ស ស្ថិតក្នុង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (២) វត្តមហានន្ទិយនេរញ្ជរារាមនិវេទ ហៅវត្តព្រែកប្រាំង ស្ថិតក្នុងភូមិពោធិតូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល និង (៣) វត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតនៅក្នុង ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ។

ពិធីនេះបានប្រារព្ធទៅតាមបែបព្រះពុទ្ធសាសនា ដោយ មានបូជាទៀនធូប ផ្កាភ្ញី និងគ្រឿងសក្ការៈ ថ្វាយព្រះរតន ត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ សូត្រមន្ដនមស្សកា ចម្រើនព្រះបរិត្ដ និងពិធីរាប់បាត្រ វេរប្រគេនចង្ហាន់ ដើម្បីបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហា ជាតិ បុព្វការីជន ញាតិមិត្តជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង៧សន្ដាន ដែលបានពលី ជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ និងវេរភត្តហារប្រគេនព្រះសង្ឃ រាប់បាត្រជាកិច្ចបង្ហើយបុណ្យ ៕

ដោយ៖ សំរិត


ចែករំលែក៖