ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា កម្ពុជាសេដ្ឋកិច្ចឈរទី១ក្នុងតំបន់អាស៊ាន និងទី៣ក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០នៅតំបន់អាស៊ី ជាមួយកំណើនសេដ្ឋកិច្ច៦,១% ក្នុងឆ្នាំ២០២៤ ។ នេះ គឺជាចំណាត់ថ្នាក់ស្តីពីកំណើនសេដ្ឋកិច្ចដែលចេញផ្សាយដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats ដោយយោងលើមូលដ្ឋាននៃការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ។
លោកលើកឡើងទៀតថា លទ្ធផលបែបនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវា គឺជាផ្លែផ្កានៃការដាក់ចេញគោលនយោបាយ ការដឹកនាំ និងចាត់ចែងបានល្អរបស់រាជរដ្ឋាភិបាលដែលជាចន្ទល់នៃកំណើនសេដ្ឋកិច្ចដោយមិនអាចប្រកែកបាន។
ប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់កម្ពុជាបានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ប្រកបដោយមហិច្ឆតាឆ្ពោះទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ។
«ការទូតសេដ្ឋកិច្ច»ក៏ជានយោបាយការបរទេសដ៏សំខាន់មួយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដោយផ្តោតទៅលើការទាក់ទាញវិនិយោគ និងទេសចរណ៍ ។
សរុបទៅ កម្ពុជា គឺជាប្រទេសតូចមែនតែពិតជាអាចធ្វើបានយ៉ាងល្អគួរឱ្យមោទនៈ ។
លទ្ធផលដ៏ល្អបែបនេះមិនអាចសម្រេចបានឡើយប្រសិនបើគ្មានថ្នាក់ដឹកនាំខ្លាំងពូកែ និងប្រសិនបើគ្មានគោលនយោបាយត្រឹមត្រូវប្រកបដោយចក្ខុវិស័យច្បាស់លាស់ទេនោះ៕
ដោយ ៖ សិលា