ព័ត៌មានទាន់ហេតុការណ៍៖

សហគ្រាស CHN ENERGY កំពុងសម្លឹងមើលកាលានុវត្តភាពវិនិយោគលើគម្រោងថាមពលកកើតឡើងវិញដែលមានទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាម៉េរិក នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយសហគ្រាស CHN ENERGY តំណាងដោយ លោក អាយ ស៊ាង ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគលើគម្រោងថាមពលកកើតឡើងវិញដែលមានទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាម៉េរិក លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ 

មានមតិក្នុងជំនួបនេះ សមភាគីបានលើកឡើងអំពីបំណងបណ្តាក់ទុនវិនិយោគលើគម្រោងថាមពលកកើតឡើងវិញមានជាអាទិ៍គម្រោងសាងសង់ និងប្រតិបត្តិការវារីអគ្គិសនី និងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ ដោយហេតុថាកម្ពុជាគឺជាទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្តានុពលក្នុងការប្រកបធុរកិច្ចលើវិស័យខាងលើ អបដោយអេកូឡូស៊ីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មប្រកបដោយភាពទាក់ទាញ និងលេចធ្លោជាងគេក្នុងតំបន់។  

ជាការឆ្លើយតប លោកបានសម្តែងនូវការស្វាគមន៍សម្រាប់បំណងរបស់សហគ្រាសក្នុងការបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ធំគួរឱ្យកត់សម្គាល់ និងបានជម្រាបជូនអំពីការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូនសមភាគីប្រកបដោយទំនុកចិត្តខ្ពស់ ដោយហេតុថានិន្នាការតំបន់ និងអន្តរជាតិបាន និងកំពុងតែបោះជំហានក្នុងការធ្វើបរិវត្តកម្មថាមពលទៅជាថាមពលបៃតង ហើយសកម្មភាពវិនិយោគលើវិស័យនេះមានចែងយ៉ាងជាក់ច្បាស់ក្នុងមាត្រា ២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកបានធ្វើការណែនាំជូនភាគីមិត្តឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០៕ 

ដោយ ៖ សិលា


ចែករំលែក៖