ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ទៀសីហា ចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៅយោធភូមិភាគទី២ ក្នុងខេត្តព្រៃវែង,ស្វាយរៀង និងខេត្តត្បូងឃ្មុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បន្ទាប់ពីបានអញ្ជើញចុះសាកសួរសុខ ទុក្ខនាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាព ទឹកដីនៅយោធភូមិភាគទី១រួចមក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជា ការរង និង ជានាយសេនាធិការចំរុះ នៃខ.ភ.ម. នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៤ បានបន្តដំណើរចុះសាក សួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី២ រួមមាន÷វរសេនាតូចលេខ៣ តំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង វរសេនាតូចលេខ១ និង លេខ២ តំបន់ប្រតិបត្តិការសឹករង ខេត្តស្វាយរៀង និង វរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករង ខេត្តត្បូងឃ្មុំ ។ 

គ្រប់ទីកន្លែងដែលនាយឧត្តមសេនីយ៍ ទៀ សីហា បានអញ្ជើញទៅដល់លោកបានពាំនាំនូវការផ្ដាំផ្ញើសាកសុខ ទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ព្រមទាំង សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូនដល់នាយទាហាន ពលទាហាន យោធភូមិភាគទី២ ទាំងអស់ និង បានជូនពរឆ្នាំថ្មីដល់នាយទាហាន ពលទាហានទាំងអស់ សូមទទួល បាននូវសិរីសួស្តី ជ័យមង្គល សុខភាពល្អ បរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លៀសវៃ និង សម្រេចបានជោគជ័យ គ្រប់ភារកិច្ច  ជូនជាតិ មាតុភូមិ ។

នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន យោធភូមិភាគទី២ ទាំងអស់ក្នុងការបំពេញភារកិច្ច ការការពារ អធិបតេយ្យ បូរណភាពទឹកដីនិង សន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ក្នុងពេលកន្លងមកបានល្អប្រសើរ៕

ដោយ៖ សូរិយា


ចែករំលែក៖