ភ្នំពេញ ៖ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស ឃ ភេទប្រុស អាយុ៥១ឆ្នាំ ពាក់ព័ន្ធនឹងករណីឆបោក ក្រោមរូបភាពដាក់ប្រាក់វិនិយោគដែលផ្តល់ប្រាក់ចំណេញច្រើនត្រឡប់មកវិញ។
សមត្ថកិច្ចបញ្ជាក់ថា ៖ ជាលទ្ធផល ជនសង្ស័យជាសហចារីដែលប្រើប្រាស់គណនីធនាគាររបស់ខ្លួនផ្ទាល់ ជាមធ្យោបាយសម្រាប់ទទួលប្រាក់ឆបោកពីអ្នកវិនិយោគផ្សេងៗ រួចផ្ទេរប្រាក់ទាំងនោះទៅឱ្យបក្សពួករបស់ខ្លួនតាមរយៈគណនីធនាគារជាច្រើន។ បក្សពួករបស់ជនសង្ស័យប្រើប្រាស់បណ្តាញសង្គម ដោយដាក់តាំងរូបក្នុងប្រូហ្វាល់ (Profile) ក្លែងជារូបស្រីស្អាត តាមគោលដៅដែលពួកគេតាមប្រមាញ់ ដោយនិយាយលួងលោមជនរងគ្រោះឱ្យជឿជាក់ព្រមដាក់ប្រាក់វិនិយោគ។
បច្ចុប្បន្ន នាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការជឿទុកចិត្តលើជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់តាមបណ្តាញសង្គមក្នុងការវិនិយោគ និងការផ្ទេរប្រាក់ណាមួយដែលមិនមានប្រភពច្បាស់លាស់ ៕
ដោយ ៖ សិលា