ខេត្តតាកែវ ៖ ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងស្រុកបាទី ខេត្តតាកែវ ដែលបានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតមានចំនួន៩០% ហើយក្នុងនោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចំនួន៨៦,៦៧% ដោយឡែកនៅស្រុកបាទី មានចំនួន៩៣,៣៩% បានចេញទៅបោះឆ្នោត ដែលក្នុងនោះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានចំនួន ៨៨,៩៥%។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ពីការជឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ជូនទៅដល់ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ និងថ្នាក់ដឹកនាំជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា និងជឿទុកចិត្តទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងទៅដើម្បីផ្តល់នូវភាពរីកចម្រើននិងផ្តល់ភាពសម្បូរសប្បាយជូនប្រទេសជាតិនិងប្រជាជនរបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោង«ព្រែកជីកហ្វូណនតេជោ» មិនប៉ះពាល់អ្វីទាំងអស់ ពីព្រោះរាជរដ្ឋាភិបាល កម្ពុជាបានធ្វើ ការសិក្សាជាច្រើនខែ ឆ្នាំ ជាមួយអ្នកជំនាញគ្រប់ក្រសួង ស្ថាប័ន ជាពិសេសនោះ រាជរដ្ឋាភិបាល ក៏បានជូនដំណឹងដល់គណៈកម្មាធិការទន្លេមេគង្គ ដែលជាអ្នកជំនាញការផងដែរ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានឆ្លើយតប និងពន្យល់ផងដែរថា នាវាចម្បាំងធំៗមិនអាចចូលចត នៅព្រែកជីកនេះ បានទេ ព្រោះតែនាវាចម្បាំងមានទំហំធំ លើសពីទំហំព្រែក ដែលមាន មុខកាត់ ប្រមាណមួយរយម៉ែត្រ និងជម្រៅទឹកប្រមាណ ៥ម៉ែត្រនោះ។
យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានប្រកាសអគុណចំពោះបងប្អូនប្រជាពលរដ្ឋ ខ្មែរដែលបានបង្ហាញការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ខណៈព្រែកនេះ នឹងផ្តល់នូវផល ប្រយោជន៍ជូនសង្គម-សេដ្ឋកិច្ចទាំងមូល មិនថាបងប្អូនដែលរស់នៅ តាមដងព្រែក នេះ ឬបងប្អូននៅទិស និរតីនោះទេ ពោលគឺបានផលរួមទូទាំងប្រទេសតែម្តង៕
ដោយ ៖ សិលា