ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំលំឱនកាយវាចាចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទសបារមីទេវតាថែរក្សាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ សម្រេចបានជោគជ័យថ្មីៗថែមទៀតក្នុងបេសកកម្មដឹកនាំស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ជាតិ សំដៅពង្រឹងនីតិរដ្ឋឲ្យកាន់តែរឹងមាំឈានទៅសម្រេចបានគោលដៅអភិវឌ្ឍប្រទេសជាតិកាន់តែសម្បូររុងរឿង។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗទាំងអស់ សូមបានប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សិលា