ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមុខងារសាធារណៈរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យនឹងធ្វើរយៈពេល៤ថ្ងៃនិង៣ មណ្ឌលប្រឡង

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបានកំណត់កាលបរិច្ឆេទសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន​អនុវិទ្យាល័យរយៈពេល៤ថ្ងៃ និង៣មណ្ឌលប្រឡង។

ក្រសួងមុខងារសាធារណ: បានរៀបចំកិច្ចប្រជុំពិភាក្សាលើការពិនិត្យវឌ្ឍនភាព​ការងារ​នៃ​ដំណើរ​ការ​ការ​រៀបចំ​ការ​ប្រឡង​ប្រជែង​ជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅកម្រិតអនុវិទ្យាល័យ។ កិច្ច​ប្រជុំ​នេះ ធ្វើឡើងនៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៤ ដឹកនាំដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ក្នុងកិច្ចប្រជុំនេះក្រុមការងារបាន​រាយការណ៍​អំពី​ចំនួនបេក្ខជនដែលត្រូវបានអនុញ្ញាតចំនួនរហូតដល់ ៣៣.៣១៤នាក់។

តាមរយៈកិច្ចប្រជុំនេះដែរ គណៈកម្មការបានកំណត់ថា ការប្រឡងប្រជែង​ជ្រើស​រើសគ្រូ​បង្រៀន​អនុវិទ្យាល័យ​ដំណាក់កាលទី១ សម្រាប់ជ្រើសសម្រាំង ត្រូវប្រើប្រាស់រយៈពេល ៤ថ្ងៃ និង​មណ្ឌល​ប្រឡង​ចំនួន​៣ ដើម្បីសម្របខ្លួនទៅតាមបេក្ខជនដែលមានចំនួនច្រើន។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការការប្រឡងប្រជែង បានលើកឡើងថា “ចំនួនដាក់ពាក្យដ៏ច្រើនលើសលប់បានឆ្លុះ​បញ្ចាំង​ពី​ការ​ជឿ​ទុក​ចិត្ត​មក​លើ​ប្រព័ន្ធ​នៃ​ការ​ប្រឡង​ប្រជែង​ជ្រើស​រើសមន្ត្រីរាជការស៊ីវិល តាមនិយាមដែលបានដាក់ចេញ”។

លោកឧបនាយករដ្ឋមន្ត្រីក៏បានបន្ថែមផងដែរថា លទ្ធផលនៃការជឿទុកចិត្តនេះ ឆ្លុះបញ្ចាំង​ពី​ការ​ខិត​ខំ​ប្រឹងប្រែងនិងការលះបង់របស់ថ្នាក់ដឹកនាំ ជាពិសេសសមាជិក សមាជិកានៅក្នុង​គណៈ​កម្មការ និងអនុគណៈកម្មការរៀបចំការប្រឡង។ តាមរយៈ របាយការណ៍ បានឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ទំហំ​ការងារ ការគិតគូរគ្រប់ជ្រុង ជ្រោយនិងគ្រប់ទិដ្ឋភាព ទៅលើដំណើរ​ការ​រៀបចំ​ការ​ប្រឡង​ជា​រួម ទាំងការគិតគូរ លើការងារបច្ចេកទេសនិងការគិតគូរផ្សេងៗ ជាពិសេស​លើ​ចំនួន​បេក្ខជន​ដាក់​ពាក្យ​ប្រឡង ការរៀបចំដំណើរការប្រឡងតាមថ្ងៃ តាមមណ្ឌល តាមមុខវិជ្ជា និងតាមទីតាំង​ភូមិ​សាស្ត្រ ​ខេត្តរបស់បេក្ខជន។ ទោះបីការងារនេះ មានទំហំធំ និងមមាញឹក ប៉ុន្តែក្រុមការងារពិតជា​បាន​រៀប​ចំ និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងខាងមុខ។

សូមជម្រាបថា គណៈកម្មការរៀបចំការប្រឡងប្រជែងនឹងជូនដំណឹង​លម្អិត​ជុំវិ​ញ​ការ​ប្រឡង​ប្រជែង​ក្នុង​ពេលឆាប់ៗខាងមុខនេះ និងសូមបន្តតាមដានការផ្សព្វផ្សាយនិងសេចក្តី​ជូន​ដំណឹង​នានាពីបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈ៕

ដោយ៖ សូរិយា


ចែករំលែក៖