ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ រយៈពេល ៤ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់ទៅប្រកបដោយភាពឱឡារិក ជាមួយភាពសប្បាយរីករាយ ស្នាមញញឹម

ចែករំលែក៖

ភ្នំពេញ ៖ រយៈពេល ៤ ថ្ងៃ នែពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់ទៅប្រកបដោយភាពឱឡារិក ជាមួយភាពសប្បាយរីករាយ ស្នាមញញឹម និងសំលេងហ៊ោកញ្ជ្រៀវនៅគ្រប់មូលដ្ឋានទូទាំង ២៥ រាជធានី-ខេត្ត។ ប្រជាពលរដ្ឋបានចូលរួមកម្មវិធីនានាដែលរដ្ឋបាល រាជធានី-ខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ សង្រ្កាន្តនៅតាមទីតាំងនានាក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តប្រកបដោយទឹកមុខសើចក្អាកក្អាយ ក្នុងឱកាសថ្ងៃឈប់សម្រាក។ យើងអាចនិយាយបានថា ៤ ថ្ងៃនេះ គ្រប់គ្នាបានលេងកម្សាន្តយ៉ាងពេញទំហឹង។ នេះជាប្រសាសន៍ របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ 

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ៖ នៅថ្ងៃទី១៧ ខែមេសានេះ ក៏ជាថ្ងៃប្រវត្តិសាស្រ្តមួយ ដែលប្រជាជាតិកម្ពុជា មាតុភូមិជាទីស្នេហានៃយើងបានឈានចូលក្នុងទំព័រដ៏ខ្មៅងងឹត នៃសោកនាដកម្មប្រវត្តិសាស្រ្ត បណ្តាលមកពីភាពចលាចល ជម្លោះប្រដាប់អាវុធ និងការកាប់សម្លាប់ជីវិតប្រជាពលរដ្ឋខ្មែរស្លូតត្រង់ក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ កម្ពុជាត្រូវខិតខំប្រឹងប្រែងក្រោកឈរឡើង ដើម្បីកសាង អភិវឌ្ឍជាតិមាតុភូមិចេញពីគំនរផេះផង់ ដែលបានប្រព្រឹត្តដោយរបបប្រល័យពូជសាសន៍។

លោកថ្លែងទៀតថា ៖ នៅមិនដល់ ៥០ឆ្នាំផង យើងទាំងអស់គ្នាកំពុងឈរនៅទីនេះ សំលឹងមើលប្រទេសជាតិដែលកំពុងមានការលូតលាស់រីកចម្រើនឥតឈប់ឈរ ក្នុងសន្តិភាពពេញបរិបូរណ៍។ មេរៀនប្រវត្តិសាស្រ្តមួយនេះ បានបង្រៀនយើងឱ្យស្គាល់ច្បាស់នូវគុណតម្លៃនៃសន្តិភាព ហើយកត្តាសុខសន្តិភាពនេះហើយ ដែលនាំមកនូវភាពសប្បាយរីករាយ ការថែរក្សាបាននូវទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាយើង។ ក្នុងនោះ តាមរយៈការទទួលបាននូវសន្តិភាព វាក៏បានបង្កើតជាឱកាសឱ្យមិត្តភក្តិបរទេសមកពីគ្រប់ទិសទីបានមកឃើញអ្វីដែលជាព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ជាមួយប្រជាជនរបស់ខ្លួនដែលពោរពោញទៅដោយស្នាមញញឹម ការជឿជាក់ និងក្តីសង្ឃឹមចំពោះអនាគតប្រទេសជាតិរបស់ខ្លួន ៕ 

ដោយ ៖ សិលា


ចែករំលែក៖