ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជារៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ ជាមួយអូស្ដ្រាលី

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ផេកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហោះ ករណីចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី កម្ពុជារៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ ជាមួយអូស្ត្រាលី ។ 

លោក ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងលោកស្រី មីឆេល ចាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ រវាងប្រទេសទាំងពីរ។ 

ឯកអគ្គរាជ/រដ្ឋទូត នៃប្រទេសទាំងពីរ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏បានចូលរួមក្នុងកិច្ច ពិគ្រោះយោបល់ ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

ភាគីទាំងពីរ បានពិនិត្យ និងតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ ការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កសិកម្ម វប្បធម៌ អប់រំ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូមេគង្គ-អូស្ត្រាលី។ ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងយូរ អង្វែង ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៥២ និងបានឯកភាពជំរុញកិច្ចសហ ប្រតិបត្តិការឱ្យមានភាពរីកចម្រើនថែមទៀត។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ ជាពិសេស ការចូលរួមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន នៅខែ មីនា ឆ្នាំនេះ និងការចូលរួមរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese និង រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកជំទាវ Penny Wong ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២២។

ចំពោះកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរ ពេញចិត្តចំពោះ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ និងបានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការលាងលុយកខ្វក់ ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេត ឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម។ ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់អំពីសារសំខាន់នៃទស្សនកិការបស់ នាវាកងទ័ពជើងទឹកអូស្ត្រាលីមកកាន់កម្ពុជា។

ភាគីទាំងពីរ អបអរសាទរចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរ មានសុទិដ្ឋិនិយមថា ការដាក់ចេញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្ពោះទៅឆ្នាំ ២០៤០ របស់អូស្ត្រាលី ការបង្កើតការិយាល័យពាណិជ្ជកម្មនិងវិនិយោគប្រចាំស្ថានទូតអូស្ត្រាលីនៅ កម្ពុជា និងកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនាពេលថ្មីៗនេះ នឹងជួយជំរុញកំណើន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងចំណងទាក់ទងរវាងប្រជាជននិងប្រជាជន។

ក្នុងវិស័យកសិកម្ម កម្ពុជាបានអរគុណចំពោះការគាំទ្ររបស់អូស្ត្រាលី រួមមានកម្មវិធីខ្សែ ចង្វាក់តម្លៃកសិកម្មកម្ពុជា ការផលិតពូជស្រូវចំប៉ី”ស”៧០ និងភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនផលិតភាពកសិកម្ម។ ក្នុងវិស័យវប្បធម៌ កម្ពុជាបានថ្លែងអំណរគុណអូស្ត្រាលីដែលបានផ្តល់ជំនួយដល់ការស្តារ និងការអភិរក្ស បេតិកភណ្ឌវប្បធម៌កម្ពុជា រួមទាំងការប្រគល់មកកម្ពុជាវិញនូវវត្ថុបុរាណចំនួនបី។

ភាគីទាំងពីរ បានយល់ស្របគ្នាថា ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពចម្បង។ ភាគីកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលីចំពោះការគាំទ្រ និងការ ផ្តល់ជំនួយដ៏ថ្លៃថ្លា ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេស ការផ្តល់អាហា- រូបករណ៍ Australia Awards ដល់យុវជន និងមន្ត្រីកម្ពុជា ឱ្យទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅ ប្រទេសអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៤។ ជាការឆ្លើយតបទៅនឹងសំណើរបស់កម្ពុជា ភាគីអូស្ត្រាលី បានប្រកាសបង្កើនចំនួនអាហារូបករណ៍នេះដល់កម្ពុជា ពី ៤៥ ទៅ ៥០ កន្លែង ក្នុងមួយឆ្នាំ។

ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ភាគីកម្ពុជា កោតសរសើររដ្ឋាភិបាលអូស្ត្រាលីសម្រាប់ភាពជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងសកម្ម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ដែលមានទឹកប្រាក់ជាង ១ ប៊ីលានដុល្លារអាមេរិក គាំទ្រដល់វិស័យអាទិភាពដូចជាអប់រំ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ យេនឌ័រ អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការបោសសម្អាតមីន។ ភាគីអូស្ត្រាលី បានគូសបញ្ជាក់ពីបំណងចង់ឱ្យមានភាពជាដៃគូទំនើប និងចាស់ទុំ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងគូសបញ្ជាក់ពីការរៀបចំសេចក្តីព្រាងផែនការភាពជាដៃគូអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ២០២៤-២០២៨។ ផែនការនេះ ស្របតាមគោលនយោបាយអភិវឌ្ឍន៍អន្តរជាតិថ្មីរបស់អូស្ត្រាលី និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។

ចំពោះភាពជាដៃគូមេគង្គ-អូស្ត្រាលី ភាគីកម្ពុជា កោតសរសើរយ៉ាងជ្រាលជ្រៅចំពោះជំនួយ របស់អូស្ត្រាលីក្នុងវិស័យនានាដូចជា ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់សិទ្ធិស្ត្រី ការគ្រប់គ្រង ទឹកស្អាតនិងថាមពល ទំនើបកម្មកសិកម្ម សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល ជាពិសេស ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពមន្ត្រីការទូតកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។ ភាគីអូស្ត្រាលី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការគាំទ្រភាពធន់ និងវិបុលភាពក្នុងអនុតំបន់មេគង្គ តាមរយៈមូលនិធិ ២២២,៥ លានដុល្លារអូស្ត្រាលី ក្រោមក្របខ័ណ្ឌភាពជាដៃគូនេះ សម្រាប់រយៈពេល ៥ ឆ្នាំបន្ទាប់។

ភាគីកម្ពុជា បានផ្តល់តម្លៃចំពោះការចូលរួមយ៉ាងសកម្មរបស់អូស្ត្រាលីក្នុងអាស៊ាន និងបាន អបអរសាទរភាពជោគជ័យរបស់អូស្ត្រាលី ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន- អូស្ត្រាលី នៅខែមីនានេះ និងការអនុម័តនូវឯកសារចំនួនពីរគឺ សេចក្តីប្រកាសចក្ខុវិស័យរួមរបស់ថ្នាក់ ដឹកនាំអាស៊ាន-អូស្ត្រាលី និងសេចក្តីថ្លែងការណ៍ទីក្រុងម៉ែលប៊ន។ ភាគីអូស្ត្រាលី បានថ្លែងអំណរគុណ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ កំពូលពិសេសនេះ។ ភាគីអូស្ត្រាលី ក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានជួយឱ្យមានការដោះលែងសេដ្ឋវិទូ ជនជាតិអូស្ត្រាលី Sean Turnell នៅប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាអន្តរជាតិដែលជាក្តីកង្វល់រួម។ ភាគីទាំងពីរ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីផល ប្រយោជន៍ទៅវិញទៅមក ក៏ដូចជា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

កិច្ចពិគ្រោះយោបល់នេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ដោយមានការពិភាក្សា គ្នាដោយស្មោះត្រង់ និងយោគយល់គ្នាទៅវិញទៅមក ដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួម ក្នុងការ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរ បាន ឯកភាពគ្នារៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៥ នៅប្រទេសអូស្ត្រាលី នៅឆ្នាំ២០២៥។

ស្របពេលរៀបចំកិច្ចពិគ្រោះយោបល់នេះ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំអាហារថ្ងៃត្រង់ជូនគណៈប្រតិភូ អូស្ត្រាលី ដឹកនាំដោយលោកស្រីអនុរដ្ឋលេខាធិការ មីឆេល ចាន់។ ក្នុងឱកាសអាហារថ្ងៃត្រង់ ភាគី ទាំងពីរ បានពិភាក្សាអំពីវិធីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាព និងមានសក្តានុពល។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចពិគ្រោះ យោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ រវាងក្រសួងការបរទេសទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖