ភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ បានដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវលំ ភូមិអង្គរជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ឡេង សុគង់ ភេទប្រុស អាយុ៤៥ឆ្នាំ មុនរបរជាសន្ដិសុខ ស្នាក់នៅកន្លែងកេីតហេតុ ទីកន្លែងកំណេីត នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា មុនបុណ្យចូលឆ្នាំខ្មែរ ម្ចាស់ផ្ទះបានជួលសន្តិសុខខាងលេីមកមេីលថែផ្ទះសម្បែង ហេីយម្ចាស់ផ្ទះក៏ទៅលេងស្រុកកំណេីតបាត់អស់ ។ លុះនៅថ្ងៃទី១៦ មេសា ២០២៤ សន្តិសុខខាងលេីមានអាការៈមិនស្រួលខ្លួន និងត្រូវបានអ្នកជិតខាងជួយកោសខ្យល់ និងរឹតប្រេងក្រឡាផងដែរ ។ រហូតនៅថ្ងៃកេីតហេតុ គេសង្កេតពុំឃេីញសន្តិសុខក្រោកហូបអី ទេីបអ្នកជិតខាងស្រែកហៅ និងទៅដាស់ ដោយមិនកម្រេីកក៏ដឹងថា ជនរងគ្រោះជាសន្ដិសុខរូបនេះបានស្លាប់បាត់ទៅហេីយ រួចក៏រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានឲ្យចុះមកពិនិត្យជាក់ស្ដែងតែម្ដង ។
ក្រោយពីទទួលបានព័ត៌មានខាងលេីរួច អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញកោសល្យវិច័យបានចុះមកហ៊ុំព័ទ្ធខ្សែ និងពិនិត្យសាកសពគ្រប់ជ្រុងជ្រោយ ទេីបសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយខ្យល់គរ មិនពាក់ព័ន្ធនិងករណីឃាតកម្មនោះឡេីយ ។ រួចក៏ធ្វេីកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ