ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានរៀបចំសហគមន៍ ទេសចរណ៍ខេត្តសៀមរាបជួយការពារព្រៃឈើ និងសត្វព្រៃ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំទីតាំងកម្សាន្តនៅខេត្តសៀមរាប សម្រាប់ទុកប្រគល់ជូនប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីឱ្យពួកគាត់រកចំណូលបាន តាមរយៈការយកថ្លៃសេវាកម្មពីភ្ញៀវទេសចរ។ នេះជាការបញ្ជាក់ពីផេកផ្លូវការក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា នេះ ។ 

 ក្រសួងព័ត៌មាន បានបន្តថា ៖ លោល ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន ចាត់ទុកថា ការរៀបចំទីតាំងកម្សាន្ត និងបោះតង់ សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាផ្នែកមួយនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមិនត្រឹមតែទប់ស្កាត់ បទល្មើសធនធានធម្មជាតិ សំដៅបង្កើនគម្របព្រៃឈើកម្ពុជាឱ្យបានចំនួន៦០ភាគរយ នៅឆ្នាំ២០៥០ ប៉ុន្តែក៏ជាផ្នែកមួយរួមចំណែកលើកស្ទួយជីវភាពប្រជាសហគមន៍ឱ្យចាកផុតពីភាពក្រីក្រ តាមរយៈរកចំណូលពីវិស័យ ទេសចរណ៍។ 

លោក ផាន់ ថុន ប្រធានសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅលើខ្នងភ្នំគូលែន ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានឱ្យដឹងថា រៀបចំសហគមន៍ទេសចរណ៍ បានជួយបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ តាមរយៈការលក់ផលិតផលក្នុងសហគមន៍ ម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនភ្ញៀវទស្សនាព្រៃឈើធម្មជាតិ។ លោកថ្លែងថា «សក្តានុពលនៅសហគមន៍ព្រៃធំទីមួយ គឺកន្លែងមាត់ទឹកសម្រាប់ឱ្យភ្ញៀវជាតិ ឬអន្តរជាតិទៅកម្សាន្ត បោះតង់ និងដើរទស្សនាជុំវិញព្រៃសហគមន៍ មានតំបន់ទីទួលបុរាណ ប្រាសាទបុរាណ និងតំបន់ទេសភាពទូទៅ ហើយប្រាសាទនីមួយៗដាច់ឆ្ងាយពីគ្នា នៅពេលដែលភ្ញៀវមកគាត់ចង់ដើរទស្សនាថ្មើរជើង គឺគាត់ត្រូវប្រើពេលចំនួនពីរ យប់ ហើយបើគាត់មិនចង់ស្នាក់នៅ គឺគាត់អាចកុម្មង់ម៉ូតូឌុបបាន ហើយបច្ចុប្បន្ននេះមានភ្ញៀវចាប់អារម្មណ៍ច្រើន»។

បើតាមការបញ្ជាក់របស់លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងខេត្តសៀមរាប មានតំបន់ការពារធម្មជាតិចំនួន៨កន្លែង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ដើម្បីការពារពីការទន្ទ្រានកាន់កាប់ដោយឯកជន ការអភិរក្សនិងគ្រប់គ្រងព្រៃឈើ និងសត្វព្រៃ សម្រាប់វិស័យទេសចរណ៍ធម្មជាតិ និងនិរន្តរភាពទេសភាពបៃតង។ តំបន់ការពារធម្មជាតិទាំងនោះមានដូចជា៖ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វភ្នំត្នោតភ្នំពក តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប តំបន់ការពារទេសភាពអង្គរ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»។ តំបន់ការពារធម្មជាតិទាំងអស់នេះ មានផ្ទៃដីសរុបប្រមាណ២៨ម៉ឺនហិកតា ដែលត្រូវបានការពារ ថែរក្សា ដើម្បីនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិ៕

ប្រភព ៖ ក្រសួងព័ត៌មាន


ចែករំលែក៖