ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមពីរកើតឡើង លោកខាងលិច មិនអាចជួយបានទាំងពីរឡើយគឺត្រូវតែបោះបង់១

ចែករំលែក៖

នៅក្នុងសង្គ្រាម រវាងអ៊ុយក្រែននិងរុស្ស៊ី ដែលជាមហាអំណាចសព្វាវុធនៅលើពិភពលោក ដោយមានអាវុធច្រើន ប្រើមិនចេះអស់។ បើទោះបីលោកខាងលិច បានផ្តល់អាវុធជាច្រើនដល់អ៊ុយក្រែន ក៏មិនអាចយកប្រៀបលើរុស្ស៊ីនោះឡើយ។ ក្នុងពេលជាមួយគ្នានេះដែរ អ៊ីស្រាអែល អាចផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈសង្គ្រាមជាមួយក្រុមហាមាស់ ហេបូឡាស់នៅតែបន្ត។ លោកខាងលិចបានផ្តោតទៅលើអ៊ីស្រាអែលជាងអ៊ីរ៉ង់ ។ក្នុងពេលនេះ មន្ត្រីការទូតកំពូលអឺរ៉ុបបាននិយាយថា ស្ថានភាព និងបរិបទនៅអ៊ុយក្រែន និងអ៊ីស្រាអែលមិនដូចគ្នាទេ។ អ៊ុយក្រែនមិនត្រឹមរំពឹងទៅលើការផ្គត់ផ្គង់អាវុធពីលោកខាងលិចឡើយ។
តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកសន្តិសុខ និងគោលនយោបាយការបរទេសលោក Josep Borrell បាននិយាយថា អ៊ុយក្រែនមិនគួរសុំការគាំទ្រដូចគ្នាដែលលោកខាងលិចបានផ្តល់ដល់អ៊ីស្រាអែលក្នុងអំឡុងពេលការវាយប្រហាររបស់អ៊ីរ៉ង់នៅល្ងាចថ្ងៃទី 13 ខែមេសា ដោយសារតែករណីទាំងពីរនេះ “ខុសគ្នា មិនអាចប្រៀបធៀបបាន” ។ .
លោក Borell បាននិយាយនៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបថា “UAVs និងមីស៊ីលរបស់អ៊ីរ៉ង់បានហោះពីលើមូលដ្ឋានអាកាសរបស់កងទ័ពបារាំង អាមេរិក អង់គ្លេស និងហ្សកដានី។ ដូច្នេះហើយ កងកម្លាំងទាំងនេះមានសិទ្ធិការពារខ្លួន” នៅថ្ងៃទី 16 ខែមេសា។ “ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងហ្ស៊កដានី មិនមានមូលដ្ឋានយោធានៅលើទឹកដីអ៊ុយក្រែន ដែលជាកន្លែងមីស៊ីលរុស្ស៊ីធ្លាក់។ ដូច្នេះហើយ វាមិនអាចទៅរួចទេក្នុងការផ្តល់ការគាំទ្រដូចគ្នា នៅពេលដែលបរិបទរបស់អ៊ីស្រាអែល និងអ៊ុយក្រែនខុសគ្នា”។
មន្ត្រីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបរូបនេះបានអត្ថាធិប្បាយថា “អ៊ីស្រាអែលក៏បានចំណាយពេលវេលា និងថវិកាជាច្រើនដើម្បីសាងសង់ប្រព័ន្ធការពារដែនអាកាស Iron Dome ដែលសហភាពអឺរ៉ុបមិនអាចដាក់នៅអ៊ុយក្រែនក្នុងរយៈពេលត្រឹមតែមួយថ្ងៃ បើទោះបីជាយើងមានថវិកាគ្រប់គ្រាន់ក៏ដោយ” ។ លោក Borell បានបន្ថែមថា EU នៅតែព្យាយាមផ្តល់ឲ្យ Kiev នូវសមត្ថភាពការពារដែនអាកាសបន្ថែម។
កាលពីថ្ងៃទី 16 ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller ក៏បានបញ្ជាក់យ៉ាងច្បាស់អំពីការប្រព្រឹត្តចំពោះអ៊ុយក្រែនខុសពីអ៊ីស្រាអែល។ លោក Miller បានប្រកាសថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលគឺ “ខុសគ្នាទាំងស្រុង” ជាងទំនាក់ទំនងជាមួយអ៊ុយក្រែន។
លោក Miller បាននិយាយថា “ទំនាក់ទំនងរបស់យើងជាមួយអ៊ីស្រាអែល គឺជាទំនាក់ទំនងសន្តិសុខជាយុទ្ធសាស្ត្រ ហើយមានជាច្រើនទសវត្សរ៍មកហើយ” ។ “វាខុសគ្នាទាំងស្រុងពីអ៊ុយក្រែន។ យើងមិនមានជម្លោះយោធាជាមួយរុស្ស៊ីទេ ដូច្នេះគ្មានហេតុផលសម្រាប់យន្តហោះអាមេរិកមានវត្តមាននៅលើមេឃនៃប្រទេសអ៊ុយក្រែន និងឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ីនោះទេ។”
ពីមុនលោក Zelensky បានអំពាវនាវឱ្យលោកខាងលិចការពារអ៊ុយក្រែនតាមរបៀបដូចគ្នាដែលខ្លួនការពារអ៊ីស្រាអែលក្នុងអំឡុងពេលវាយប្រហាររបស់អ៊ីរ៉ង់។
ក្រុមអ្នកវិភាគបានលើកឡើងថា សកម្មភាពទាំងនោះ បានបង្ហាញយ៉ាងច្បាប់ថា លោកខាងលិចកំពុងតែបោះបង់អ៊ុយក្រែនបន្តិចម្តងៗ ដោយមិនអាចប្រឈមជាមួយរុស្ស៊ីបានឡើយ ។ លោកខាងលិច កំពុងព្យាយាមការពារអ្វីដែលអាចការពារបាន ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Getty


ចែករំលែក៖