ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមានកូនភ្លោះ ៣ នាក់ មានជីវភាពខ្វះខាត បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមសំណើរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តស្វាយរៀង និងមានសំណូមពរពីអាជ្ញាធរមូលដ្ឋានសំណើសុំដោះស្រាយសម្ភារៈស្បៀង ថវិកាដល់គ្រួសារមានកូនភ្លោះ ៣ នាក់ ដែលមានឪពុកឈ្មោះ ព្រំ វិចិត្រ អាយុ ៣០ ឆ្នាំ ម្តាយឈ្មោះ ស្រី ស៊ីណា អាយុ ៣០ ឆ្នាំ រស់នៅភូមិអង្គស្វាយ ឃុំប្រសូតិ ស្រុកស្វាយទាប ដែលកំពុងជួបការខ្វះខាតដោយសារកូននៅតូចៗ ។

នៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៤ លោកស្រី ភួង សារី លេខាធិការគណៈកម្មាធិការសាខា និងលោកស្រី ចន្ទ សេង ប្រធាន គណៈ កម្មាធិការពិគ្រោះយោបល់កិច្ចស្ត្រី និងកុមារខេត្តស្វាយរៀង រួមជាមួយក្រុមការងារ  និងដោយបានការសម្រេចឆ្លើយតបពី លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ដើម្បីចុះទៅសួរសុខទុក្ខ នាំយកស្បៀង សម្ភារ ថវិកា ទៅប្រគល់ជូនដល់លំនៅដ្ឋានរបស់ជនងាយរងគ្រោះកូនភ្លោះ ៣ នាក់ ។

ក្នុងឱកាសនោះ លោកស្រី ភួង សារី បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ហើយខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់យកនូវអនាម័យ ល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានគ្រប់ចំនួនតាមការណាត់របស់គ្រូពេទ្យ ហើយត្រូវមើលថែកូនឱ្យបានល្អព្រោះសព្វថ្ងៃអាកាសធាតុក្តៅខ្លាំង បើកូនមានអារមិនស្រួលត្រូវប្រញ៉ាប់នាំកូនទៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិត ។

ជាមួយគ្នានេះលោកស្រី បានអំពាវនាវ ឱ្យចូលរួមអនុវត្តតាម អនុសាសន៍ក្នុងការថែទាំសុខភាពម្តាយ និងកូនក្នុងបរិបទ «រស់នៅ ធម្មតាតាមបែបគន្លងថ្មី» របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាព សុខភាពមាតា ទារក និងកុមារ នៅ កម្ពុជា ។

អំណោយដែលបានផ្តល់ជូនរួមាន៖ អង្ករ ៦០ គ.ក្រ មី ១ កេស ត្រីខ ទឹកស៊ីអ៊ីវ ១ យួ ១ យួរ មុង ១ ភួយ ១ ក្រម៉ា ១ សារុង កញ្ចប់ឃីតមាតា ទារក ៣ កញ្ចប់ និងថវិកា ២០ ម៉ឺនរៀល និងថវិកាមូលនិធិឃុំ ១៥ ម៉ឺនរៀល ៕

ដោយ៖ សុថាន


ចែករំលែក៖