ប្រទេសកូរ៉េខាងជើងបានប្រកាសថា ខ្លួនបានធ្វើការសាកល្បងនូវ “ក្បាលគ្រាប់ធំ” សម្រាប់កាំជ្រួច Cruise យុទ្ធសាស្ត្រ និងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលប្រឆាំងយន្តហោះថ្មី។
ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានចុះផ្សាយព័ត៌មានខាងលើនៅថ្ងៃទី២០ ខែមេសា។ អាស្រ័យហេតុនេះ រដ្ឋបាលទូទៅកាំជ្រួចកូរ៉េខាងជើងបានសាកល្បងក្បាលគ្រាប់ដែលត្រូវបានរចនាឡើងសម្រាប់កាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ Hwasal-1 Ra-3 និងបានបាញ់សាកល្បងមីស៊ីលការពារដែនអាកាស Pyoljji-1-2 ថ្មីនៅសមុទ្រលឿងកាលពីថ្ងៃទី ១៩ ខែមេសា។ KCNA បានសង្កត់ធ្ងន់ថា ការបាញ់សាកល្បងបានសម្រេច “គោលដៅជាក់លាក់មួយ”។
នេះជាលើកទីមួយដែលក្រុងព្យុងយ៉ាងដាក់ឈ្មោះកាំជ្រួច “Pyoljji” ដែលមានន័យថា “អាចម៍ផ្កាយ” ជាភាសាកូរ៉េ។
KCNA ក៏បានបង្ហោះខ្លឹមសារថា “ការធ្វើតេស្តទាំងពីរនេះគឺជាផ្នែកមួយនៃសកម្មភាពជាប្រចាំរបស់រដ្ឋាភិបាល និងស្ថាប័នវិទ្យាសាស្ត្រការពារជាតិដែលពាក់ព័ន្ធក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ខណៈពេលដែលមិនទាក់ទងទៅនឹងស្ថានភាពជុំវិញ”។
យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនបានរកឃើញកាំជ្រួចមីស៊ីលឆ្លងទ្វីប និងកាំជ្រួចប្រឆាំងយន្តហោះជាច្រើនគ្រាប់ដែលបានបាញ់ឆ្ពោះទៅសមុទ្រលឿង នៅម៉ោងប្រហែល 3:30 រសៀល ថ្ងៃទី 19 ខែមេសា ហើយបច្ចុប្បន្នកំពុងធ្វើការវិភាគលម្អិតអំពី បច្ចេកទេស។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា “យោធារបស់យើងបានតាមដានយ៉ាងដិតដល់នូវសញ្ញានៃការបង្កហេតុ និងសកម្មភាពយោធារបស់កូរ៉េខាងជើង ហើយរក្សាបាននូវជំហរការពាររួមបញ្ចូលគ្នាដ៏រឹងមាំ”៕ ដោយ៖ ធីរីណា
រូបថត៖ KCNA