ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក ថងលុន ស៊ីសុលីត

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែល លោក អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ,  នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ។ 

សូមបញ្ជាក់ថា ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ថងលុន ស៊ីស៊ីលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកប្រធានរដ្ឋឡាវ នឹងជួបគាល់សវនាការជាមួយ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ លោកប្រធានរដ្ឋ នឹងជំនួបសម្តែងការ គួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរ នឹងពិភាក្សាអំពី ការលើកកម្ពស់កិច្ចសហ ប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផល ប្រយោជន៍រួម។

លោកប្រធានរដ្ឋឡាវ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និង នៅមណ្ឌបតម្កល់ព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ អ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និង សាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីវិបុលភាពរួមនៃ ប្រទេសទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖