ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ២ល្វែងបណ្តាលឱ្យរបួសមនុស្ស៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះល្វែងចំនួន២ល្វែងត្រូវបានអគ្គិភ័យឆាបឆេះ ខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ហើយបណ្តាលឲ្យ របួសធ្ងន់ម្ចាស់ផ្ទះ២នាក់ ប្តីប្រពន្ធ និងកូនប្រុសម្នាក់អាយុ៦ឆ្នាំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះលេខ១២-១៤ ផ្លូវលេខ១៦ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាជនជាតិហ្វីលីពីន មួយគ្រួសារ ចំនួន១៣នាក់ ប្រុស៣នាក់ ស្រី១០នាក់ ក្នុងនោះប្តីមានឈ្មោះ រ៉ូ លីន អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ ស៊េន នី អាយុ៤០ឆ្នាំ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ចំណែកនារីចំនួន៧នាក់ទៀត ត្រូវជាប្អូន និងក្មួយ រស់នៅផ្ទះកើតហេតុជុំគ្នា ។

បើតាមសម្តីអ្នកបកប្រែបានឱ្យដឹងថា ខណៈដែលម្ចាស់ផ្ទះកំពុងដេកលង់លក់ ស្រាប់តែឮសំឡេងផ្ទុះត្រង់ប្រអប់ភ្លើង នៅផ្នែកខាងក្រោម ទើបឆាបឆេះចេញជាអណ្តាតភ្លើង រាលដាលពេញក្នុងផ្ទះតែម្តង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ ម៉ូតូចំនួន២គ្រឿង កង់ចំនួន៣គ្រឿង សាឡុង ខូចពិដាន សម្ភារៈផ្សេងទៀត នៅជាន់ក្រោម រងរបួសធ្ងន់៣នាក់ មានប្តីប្រពន្ធ រលាកខ្លួន ជើង ចំណែកកូនប្រុស ឈ្លក់ផ្សែង បណ្តាលឱ្យសន្លប់ ។

នៅក្នុងហេតុការណ៍នេះដែរគេឃើញរថយន្តដឹកទឹករបស់បុរី ចេញទៅជួយបាញ់ពន្លត់ភ្លើង និងអ្នកជិតខាង ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងទុយោទឹក បាញ់ពន្លត់ភ្លើងឱ្យរលត់ទៅវិញ ។

បន្ទាប់ពីកើតហេតុជនរងគ្រោះរបួសធ្ងន់២នាក់ ប្តីប្រពន្ធ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកសែនសុខដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកកូនប្រុសអាយុ៦ឆ្នាំ ត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យគន្ធបុប្ផា ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖