ភ្នំពេញ ៖ ពិតជាដំណឹងដ៏ល្អមួយដែលកម្ពុជា ទទួលស្វាគមន៍ ចំពោះក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីរបស់ប្រទេសអារ៉ាប់ Emirates នឹងភ្ជាប់ជើងហោះហើររបស់ខ្លួនឡើងវិញមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ បន្ទាប់ពីបានផ្អាកដំណើរការរយៈពេលប្រមាណ៣ឆ្នាំដោយសារជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates គឺជាក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិធំជាងគេ នឹងនាំយកសេវាដឹកភ្ញៀវធ្វើដំណើរប្រចាំថ្ងៃរបស់ខ្លួនឡើងវិញមកកាន់រាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ តទៅ តាមរយៈប្រទេសសិង្ហបុរី ដោយជំរុញជើងហោះហើរទៅមកពីទីក្រុងឌូបៃមកតំបន់អាស៊ីអាគ្នេយ៍ និងភ្ជាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្តនៅក្នុងតំបន់។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន Emirates ការបន្តសេវាកម្មដឹកភ្ញៀវធ្វើដំណើរទៅមករាជធានីភ្នំពេញ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះក្នុងការពង្រឹងបណ្តាញអាស៊ីអាគ្នេយ៍ ខណៈដែលខ្លួនបន្តបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរដើម្បីស្វែងរកគោលដៅចម្រុះ វប្បធម៌សម្បូរបែប ជួយអាជីវកម្ម និងអ្នកនាំចេញគ្រប់ទំហំបង្កើតទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំ។
បន្ថែមពីលើនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជានិងសិង្ហបុរី សម្រាប់ការគាំទ្រក្នុងការបង្កើតផ្លូវហោះហើរថ្មីនេះ ហើយ Emirates ទន្ទឹងរង់ចាំក្នុងការផ្តល់សេវាកម្មដឹកភ្ញៀវធ្វើដំណើរក្នុងប្រទេសកម្ពុជា ជាមួយនឹងសេវាកម្មនិងផលិតផលឈាន មុខគេក្នុងឧស្សាហកម្មរបស់ខ្លួន និងផ្តល់ឱ្យអ្នកធ្វើដំណើរទាំងអស់ទទួលបានសេវាកម្មដោយរលូន។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបើកជើងហោះហើរលើកដំបូងបំផុតរបស់ខ្លួនពីទីក្រុងឌូបៃមករាជធានីភ្នំពេញកាលពីឆ្នាំ២០១៧ ហើយបានផ្អាកដំណើរការសេវាកម្មហោះហើរក្នុងឆ្នាំ ២០២១ ដោយសារការផ្ទុះឡើងនូវជំងឺកូវីដ-១៩។
វត្តមានជាថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីរបស់ប្រទេសអារ៉ាប់ Emirates នឹងភ្ជាប់ជើងហោះហើររបស់ខ្លួនឡើងវិញមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ បង្ហាញឱ្យឃើញថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងទាក់ទាញអ្នកវិនិយោគលើសកលលោក មកបណ្តាក់ទុនរកសុីនៅកម្ពុជា លើគ្រប់វិស័យ ស្របតាមច្បាប់ ៕
ដោយ ៖ សិលា