ព័ត៌មានទាន់ហេតុការណ៍៖

លោក ហុង សុហួរ ៖ ក្រុមហ៊ុនថ្មីចំនួន៥ នឹងមកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ បើទោះបីជាស្ថានភាពជួញដូរភាគហ៊ុនបច្ចុប្បន្នហាក់បង្ហាញទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់ មកនៅក្នុងរង្វង់ប្រមាណ១០ម៉ឺនដុល្លារក្នុង១ថ្ងៃក៏ដោយ ក៏មេផ្សារមូលបត្រកម្ពុជារំ ពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីយ៉ាងហោចណាស់ចំនួន៥ បន្ថែមទៀត នៅក្នុងឆ្នាំ២០២៤នេះ។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់នៅក្នុងវេទិកា «ប្រាក់ចំណេញឆ្នាំ២០២៤» របស់ផ្សារមូលបត្រកម្ពុជានាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ថា ៖ នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ ទំហំជួញដូរភាគហ៊ុននៅកម្ពុជា ហាក់មានទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់ពីទំហំជួញដូរជាមធ្យមជាង២០ម៉ឺនដុល្លារក្នុង១ថ្ងៃ នៅក្នុងឆ្នាំ២០២៣ មកនៅត្រឹមរង្វង់១០ម៉ឺនដុល្លារក្នុង១ថ្ងៃប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ ដោយសារឥទ្ធិពលពីវិបត្តិសកលនានា។

បើតាមការបញ្ជាក់របស់ លោក ហុង សុហួរ បានឱ្យដឹងថា ៖ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពលំបាក និងមិនទាន់មានភាពច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំរូបនេះ សង្កេតឃើញថា មានក្រុមហ៊ុនមួយចំនួននៅតែមានមហិច្ឆតាក្នុងការមកចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាជាបន្តបន្ទាប់។ 

តួយ៉ាង នៅក្នុងឆ្នាំ២០២៤ នេះលោកមានក្តីរំពឹងខ្ពស់ និងជឿជាក់ថា យ៉ាងហោចណាស់នឹងមានក្រុមហ៊ុនថ្មីចំនួន៥ នឹងមកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដោយក្នុងនោះមាន២ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៣ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណ។ តាមរយៈវត្តមានរបស់ក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុនថ្មីទាំង២នេះ ថ្នាក់ដឹកនាំរូបនេះរំពឹងថា វានឹងអាចជួយជំរុញឱ្យការជួញដូរភាគហ៊ុននៅកម្ពុជាកាន់តែមានភាពមមាញឹក និងធ្វើឱ្យទំហំជួញដូរមានកំណើនឡើងវិញផងដែរ។

សូមជម្រាបថា ៖ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២២ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ១១ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង១១ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល។ ដោយក្រុមហ៊ុនទាំងនេះអាចប្រមូលទុនបានប្រមាណ៣៧០លានដុល្លារ ដើម្បីយកទៅពង្រីកអាជីវកម្ម។ នេះបើយោងតាមការបញ្ជាក់ពីប្រភព(កូនខ្មែរ) ៕

ដោយ ៖ សិលា


ចែករំលែក៖