ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ប្រមាណជាង៥ពាន់នាក់ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ នៅសាលសន្និបាតនិងពិព័រណ៍ជ្រោយចង្វារ OCIC នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺយើងត្រូវលើកទឹកចិត្ត និងទាក់ទាញវិនិយោគ និងលើកកម្ពស់វិស័យឯកជនដើម្បីធ្វើឱ្យប្រជាពលរដ្ឋក៏ដូចជាកម្មករនិយោជិត មានជម្រើសការងារ និងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសញ្ជាក់ថា ៖ គោលការណ៍រក្សាចាស់ បង្កើតថ្មី គឺត្រូវតែអនុវត្ត តាមរយៈការទាក់ទាញវិនិយោគថ្មី និងត្រូវធ្វើយ៉ាងណា ថែរក្សាអ្នកចាស់ ដើម្បីឱ្យគាត់ទទួលបានជោគជ័យរីកចម្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ ការលើកកម្ពស់វិស័យឯកជន គឺជាកិច្ចការមួយសំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ មានយុវជនចុះឈ្មោះចូលរៀនជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ៣៤០០០នាក់ ក្នុងកម្មវិធីបណ្ដុះបណ្ដាលយុវជន ១,៥ លាននាក់ដោយឥតគិតថ្លៃ ៕
ដោយ ៖ សិលា