រដ្ឋាភិបាលប្រទេសអេស្ប៉ាញបានបង្កើតគណៈកម្មាធិកាពិសេសមួយដែលនឹងត្រូវត្រួតពិនិត្យសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេស (RFEF)។គណៈកម្មាធិការនេះនឹងត្រូវនៅនឹងកន្លែងរហូតដល់ស្ថាប័នគ្រប់គ្រងរៀបចំការបោះឆ្នោតថ្មីបន្ទាប់ពីរឿងអាស្រូវជុំវិញអតីតប្រធានរបស់ខ្លួនគឺលោក Luis Rubiales ។
លោក Rubiales ត្រូវបានចាប់ខ្លួនកាលពីដើមខែនេះ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតអំពើពុករលួយ។ គាត់ក៏ត្រូវបានកាត់ទោសដោយឡែកពីគ្នាផងដែរសម្រាប់ការរំលោភផ្លូវភេទសម្រាប់ការថើបកីឡាការិនីអេស្ប៉ាញ Jenni Hermoso បន្ទាប់ពីការប្រកួត World Cup ចុងក្រោយកាលពីរដូវក្តៅមុន។
កីឡាការិនី Hermoso បាននិយាយថា ការថើប “មិនមែនជាការយល់ព្រម” ប៉ុន្តែលោក Rubiales បានបដិសេធជានិច្ចនូវកំហុសណាមួយរហូតដល់ការលាលែងពីតំណែងជាចុងក្រោយរបស់គាត់នៅក្នុងខែកញ្ញា។
ក្រុមប្រឹក្សាកីឡាជាតិរបស់ប្រទេស (CSD) បានឲ្យដឹងថា ការចូលរួមរបស់រដ្ឋាភិបាលបានមក ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៅក្នុងអង្គការ និងដើម្បីការពារផលប្រយោជន៍ទូទៅរបស់ប្រទេសអេស្ប៉ាញ។ រដ្ឋាភិបាលអេស្ប៉ាញបានយកការសម្រេចចិត្តនេះដើម្បីកែតម្រូវស្ថានភាពធ្ងន់ធ្ងរដែល RFEF កំពុងឆ្លងកាត់ និងអនុញ្ញាតឱ្យអង្គការចាប់ផ្តើមរយៈពេលនៃការបង្កើតឡើងវិញ។
ក្រុមប្រឹក្សានេះគឺជាទីភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវចំពោះកីឡានៅក្នុងប្រទេសអេស្ប៉ាញ ហើយសេចក្តីថ្លែងការណ៍របស់ខ្លួនបានបន្ថែមថា គណៈកម្មាធិការនេះនឹងត្រូវបានដឹកនាំដោយបុគ្គលឯករាជ្យនៃកិត្យានុភាពដែលត្រូវបានទទួលស្គាល់។
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោករបស់ FIFA និងស្ថាប័នគ្រប់គ្រងអឺរ៉ុប UEFA បានបញ្ជាក់ថា ពួកគេកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ដោយមានការព្រួយបារម្ភយ៉ាងខ្លាំង។
បទប្បញ្ញត្តិរបស់ FIFA ចែងថា ប្រទេសជាសមាជិកត្រូវគ្រប់គ្រងកិច្ចការរបស់ខ្លួនដោយឯករាជ្យ និងគ្មានឥទ្ធិពលពីភាគីទីបី។ Fifa និង Uefa នឹងស្វែងរកព័ត៌មានបន្ថែមដើម្បីវាយតម្លៃពីវិសាលភាពដែល CSD តែងតាំងនូវអ្វីដែលគេហៅថា ការត្រួតពិនិត្យ ការធ្វើឱ្យមានលក្ខណៈធម្មតា និងគណៈកម្មាការតំណាង អាចប៉ះពាល់ដល់កាតព្វកិច្ចរបស់ RFEF ក្នុងការគ្រប់គ្រងកិច្ចការរបស់ខ្លួនដោយឯករាជ្យ និងដោយគ្មានការជ្រៀតជ្រែកពីរដ្ឋាភិបាល ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)