ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួនជនជាតិចិន ៦នាក់ និងខ្មែរ ២នាក់ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់ពីប្រទេសឡាវចូលមកកម្ពុជា

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ យ៉ាងហោចណាស់ក៏មានជនជាតិចិនចំនួន ៦នាក់ និងខ្មែរ ២នាក់ ធ្វើដំណើរតាមរថយន្ត lexus មួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន និងបញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តក្រចេះ។

សមត្ថកិច្ចបានឱ្យដឹងថា ៖ ក្រុមជនជាតិចិនទាំងនោះត្រូវបានកម្លាំងអធិការដ្ឋានស្រុកសំបូរ ខេត្តក្រចេះ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្ដាន់ ធ្វើការចាប់ឃាត់បាន ខណៈកំពុងធ្វើដំណើតាមរថយន្ត lexus 470 ពណ៌ស្ករស្លាកលេខភ្នំពេញ2G.4697 មួយគ្រឿង កាលពីវេលាម៉ោង ៩:០០នាទី ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នៅចំណុច ភូមិចាត្នោល ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថា ៖ រថយន្ត lexus 470 ពណ៌ស្ករ ដឹកក្រុមជនជាតិចិននោះ ត្រូវបានគេសង្ស័យថា គឺឆ្លងដែនខុសច្បាប់ចេញពីទឹកដីប្រទេសឡាវ ហើយបានឆ្លងតាមទូកមកទឹកដីខ្មែរ ដោយមានមេខ្យល់ជាជនជាតិខ្មែរចំនួនពីរនាក់ចាំទទួលដឹកពីព្រំប្រទល់ប្រទេសឡាវដឹកមកកម្ពុជា ដើម្បីយកទៅខេត្តព្រះសីហនុ។

ប្រភពដដែលបន្តថា ៖រថយន្តដឹកក្រុមជនជាតិចិននោះ មកដល់ចំណុចទឹកដីអូរគ្រៀង ក៏បានបែកការណ៍ដោយសារតែរថយន្តនេះជាមុខសញ្ញាធ្លាប់ដឹកជនជាតិចិនខុសច្បាប់កាលពីពេលកន្លងទៅ ក្រោយពីដឹងព័ត៌មានបែបនេះ កម្លាំងសមត្ថកិច្ចក៏បើករថយន្តតាមក្រោយ រថយន្ត lexus 470 របស់ចិនដែលកំពុងជិះ ក៏ធ្វើឲ្យអ្នកបើកបររថយន្តដឹកជនជាតិចិននោះភ័យ ក៏បើករត់គេចចេញពីផ្លូវជាតិលេខ០៧ ចូលមកតាមមាត់ទន្លេវិញ ហើយព្យាយាមបើករត់គេច ដោយសភាពការណ៍មិនស្រួលក៏បានចតរថយន្តទុកចោល រីឯជនជាតិចិន និងមេខ្យល់ខ្មែរពីរនាក់នោះក៏បាននាំគ្នារត់គេច តែទោះជាយ៉ាងណាសមត្ថកិច្ចសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលសណ្ដាន់ និងប្រជាការពារភូមិក៏ចាប់ជនទាំងអស់នោះបានវិញ។

លោក វរៈសេនីយ៍ឯក ជ្រិន សុធា អធិការនគរបាលស្រុកសំបូរ បានឲ្យដឹងថា ៖ ក្រោយចាប់ខ្លួនបានក្រុមជនជាតិចិនទាំងនោះត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះរួចរាល់ហើយ។ 

ដោយឡែក លោកឧត្តមសេនីយទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត ក្រចេះ ក៏បានឲ្យដឹងដែរថា ឥឡូវនេះកម្លាំងជំនាញកំពុងតែបន្តធ្វើការសាកសួរនៅឡើយ ដើម្បីបន្តចាត់ការទៅតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ៖ សមត្ថកិច្ចបានពង្រឹងផងដែរតាមព្រំដែន ដើម្បីការពារ ការឆ្លងដែនដោយខុសច្បាប់ចំពោះជនអន្តោប្រវេសន៍ ៕

ដោយ ៖ សិលា


ចែករំលែក៖