ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា​ លោក វ៉ាត់ ចំរើន​ ៖ ការយល់ដឹងពីជំនាញច្បាស់លាស់ នឹងធ្វើឱ្យការដឹកនាំកាន់តែមានកម្រិតបច្ចេកទេសខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែង ក្នុងពិធីបិទ គម្រោងសាមគ្គីអូឡាំពិក ស្តីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាទោចក្រយាន នាល្ងាចថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២៤ថា ក្រោយពីបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ផែនការអភិវឌ្ឍសហព័ន្ធកីឡាជាតិមានច្រើន ក្នុងនោះអ្វីដែលមានភាពចាំបាច់ជាងគេគឺការអភិវឌ្ឍធនធានមនុស្សក្នុងសហព័ន្ធកីឡាជាតិរបស់យើង។ពីព្រោះសហព័ន្ធកីឡាជាតិជាមូលរដ្ឋាននៃអភិវឌ្ឍជំនាញ។

      លោករដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមទៀតថា ចាប់ពីពេលនេះតទៅយើងគោរពតាមគោលការណ៍កំណែទម្រង់របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពង្រឹងសមត្ថភាពស្ថាប័ន គឺ សហព័ន្ធកីឡាជាតិទាំងអស់ត្រូវតែធ្វើការពង្រឹងគុណភាព មានន័យថា សហព័ន្ធកីឡាជាតិត្រូវមានធនធានមនុស្សដែលមានវិជ្ជាជីវៈល្អយល់ដឹងពីជំនាញកីឡាច្បាស់លាស់ដើម្បីយើងឈានទៅរកការដឹកនាំកាន់តែមានកម្រិតបច្ចេកទេសខ្ពស់។ អញ្ចឹងវគ្គបណ្តុះបណ្តាលនេះ វាត្រូវនិងការចង់បានរបស់យើង ហើយអ្វីដែលយើងចង់បានគឺការវិឌ្ឍថ្មីៗជំនាញកីឡាប្រណាំងកង់ ព្រោះនៅក្នុងការអភិវឌ្ឍកីឡាអន្តរជាតិមាននិន្នាការវិទ្យាសាស្រ្តកីឡាកាន់តែរីកចំរើនឡើង និងកាន់តែផ្លាស់ប្តូរច្រើន ហើយបើយើងតាមមិនទាន់ទេ យើងមិនអាចប្រកួតប្រជែងជាមួយគេបានទេ។ចឹងការប្រកួតប្រជែងត្រូវទាមទាឱ្យយើងធ្វើទំនើបកម្មរៀងរាល់ពេល និងរៀងរាល់វេលាទើបអាចតាមគេទាន់។ 

    ដូច្នោះ វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយជួយបង្កើនចំណេះជំនាញដល់គ្រូៗយកទៅចែករំលែកទៅតាមក្លិបរាជធានីខេត្ត ដើម្បីផ្សព្វផ្សាយនិងបំផុសឱ្យមានកីឡាករកីឡាការិនីកាន់តែច្រើន ដើម្បីផ្តល់ជាធនធានមនុស្សល្អមកកាន់សហព័ន្ធផងដែរ​។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ គ្រូៗមកពីរាជធានីខេត្តទាំងអស់ និងនាំយកចំណេះជំនាញ ដែលទទួលបានពីគ្រូបរទេស យកទៅអនុវត្តក្នុងការបង្ហាត់បង្រៀនកូនសិស្សតាមក្លិបប្រកបដោយគុណភាព ។

    លោក​ វ៉ាត់​ ចំរេីន​ បានពន្យល់ទៀតថា តួនាទីគ្រូៗជាសិក្ខាកាម ក្រៅពីដុះខាត់ជំនាញបន្ថែមទាំងនេះ ក៏ត្រូវយកជំនាញដែលបានរៀនសូត្រនេះ យកទៅផ្តល់ជូនកុមារតូចៗធ្វើយ៉ាងណាឱ្យពួកគេដែលកំពុងហ្វឹកហាត់ជិះកង់ស្គាល់ពីបទបញ្ជាការប្រកួត និងបទបញ្ជាបច្ចេកទេសរបស់កង់ ដើម្បីឱ្យពួកគេមានវិន័យល្អក្នុងជីវិត៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖