ខេត្តព្រះសីហនុ ៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាអ្នកដែលបង្កើតចលនាប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ គឺកំពុងតែប្រឆាំងនឹងចលនាជាតិរបស់ប្រជាជនខ្មែរ ដែលព្រែកជីកនេះ នឹងផ្តល់ផលប្រយោជន៍ឱ្យជាតិយ៉ាងច្រើន។ សម្ដេចថាព្រែកជីកនេះជាដង្ហើមដករបស់កម្ពុជា។
ថ្លែងក្នុងជំនួបជាមួយបុគ្គលិកធ្វើការនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អ្នកដែលកំពុងតែប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ គឺកំពុងតែដើរផ្លូវខុសហើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា៖ «ការតភ្ជាប់រវាងផ្លូវទឹកជាមួយផ្លូវទឹកពិតជាសំខាន់ណាស់»។
គម្រោងព្រែកជីក ហ្វូណនតេជោ គឺជាគម្រោងព្រែកជីកដ៏ធំរបស់កម្ពុជាចាក់ទម្លុះទៅកាន់សមុទ្ររបស់កម្ពុជាដោយផ្ទាល់ ឈប់រំពឹងលើសមុទ្ររបស់វៀតណាមនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ខណៈដែលគម្រោងមួយនេះ គ្រោងនឹងចំណាយទឹក ប្រាក់រហូតដល់ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។ ករណីដោយឡែក សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញគោលការណ៍ដល់ក្រសួងស្ថាប័នជំនាញត្រូវប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យក្នុងកាលៈទេសៈអាកាសធាតុឡើងកម្ដៅខ្លាំងបែបនេះ។ ក្នុងនោះសម្ដេចធិបតី បានបញ្ជាឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកងកម្លាំងជំនាញគ្រប់ផ្នែកយកចិត្តទុកដាក់ក្នុងការត្រៀមទប់ស្កាត់ និងសង្គ្រោះប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើល បើសិនជាអាកាសធាតុឡើងកម្ដៅខ្លាំងលើស ៤០អង្សា ក្រសួងអប់រំ អាចមានសិទ្ធិផ្អាកការសិក្សានៅតាមសាលារៀនដោយផ្ទាល់តែម្ដង៕
ដោយ ៖ សិលា