ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជាង២១ម៉ឺននាក់ ចុះឈ្មោះជាសមាជិករបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទានដោយ ស្ម័គ្រចិត្ត

ចែករំលែក៖

ភ្នំពេញ៖ គិតត្រឹមខែមេសា ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះឈ្មោះសមាជិករបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទានដោយ ស្ម័គ្រចិត្តសរុបចំនួន ២១៣ ១៤៨នាក់។ នេះបើតាមការបញ្ជាក់របស់ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងក្នុង ចំណោមសមាជិករបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុប ក្នុងនោះមានបុគ្គលស្វ័យនិយោជន៍ចំនួន ១៦៧ ៩១៣នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៤៥ ២៣៥នាក់។

លោក ហេង សុផាន់ណារិទ្ធ បន្ថែមថា រហូតមកទល់ពេលនេះសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តបានទៅប្រើប្រាស់សេវាមានចំនួន ១៨៤ ១៨៦ដង។ ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន ៨ ៤៤០លានរៀល។

លោកលើកឡើងថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខ ភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងការងារ បានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងបានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មផងដែរ។

ក្នុងនោះក្រុមការងារបានចុះយុទ្ធនាការតាមក្រសួង ស្ថាប័ន រោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ៤ ៨៥០លើក ដែលមានអ្នកចូលរួមចំនួន ១ ៤០៨ ៩៧៥នាក់ និងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម ដោយមានចំនួនចែករំលែកបន្ត ៦១ ៤១៣ដង និងចំនួនចូលទស្សនា ៥ ២៩៧ ១៤០ដង។

លោក ហេង សុផាន់ណារិទ្ធ បានគូសបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស. ដែលអត្ថប្រយោជន៍ទាំងនោះមានដូចជា ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណ និងឯកជន។ បន្ថែមពីនេះក្នុងករណីប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។

ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់ថា ការអនុវត្តន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារគឺជាការគិតគួរដល់សុខមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើរជាងមុនដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្តានុពលភាពនាពេលអនាគត៕

ដោយ៖ សូរិយា


ចែករំលែក៖