ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ផ្ញើសារ ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក៣ឧសភាឆ្នាំ២០២៤ ដោយលោកលើកឡើងថា ៖ បើយើងនិយាយអំពីអ្នកសារព័ត៌មាន យើងត្រូវមានធាតុសំខាន់ចំនួន ៣ចាំបាច់មិនអាចខ្វះបានទេ ។
ទី១- សេរីភាព ,ទី២- ការទទួលខុសត្រូវ និងទី៣- ក្រមសីលធម៌វិជ្ជាជីវៈ ។
លោក ប៉ែន បូណា បានរម្លឹកថា ៖ ជាអ្នកសារព័ត៌មាន អ្នកណាក៏ចង់បានសេរីភាពដែរ ពីព្រោះបើអត់មានសេរីភាព យើងមិនអាចបំពេញអាជីពនេះឲ្យបាន ពេញលេញបានទេ ។ ប៉ុន្តែសេរីភាពត្រូវតែអមដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ពីព្រោះការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ វាជាហ្វ្រាំងទប់សេរីភាពរបស់យើង កុំឱ្យយើងរអិលធ្លាក់ ចាកពីគន្លង វិជ្ជាជីវៈ ហើយវាក៏អាចជួយរក្សា តម្លៃនៃសេរីភាពរបស់យើង ឲ្យបានគង់វង្សផងដែរ។ លោក ប៉ែន បូណា បន្តថា ៖ ដូច្នេះបើសិនជាយើង ប្រកបអាជីពជាអ្នកសារព័ត៌មាន យើងមិនត្រូវគិតតែពីសេរីភាពមួយមុខនោះទេ គឺត្រូវភ្ជាប់ទៅដោយការទទួលខុសត្រូវ និងក្រមសីលធម៌ វិជ្ជាជីវៈជាដាច់ខាត។ ក្រៅពីនោះនៅមានធាតុសំខាន់ចំនួនពីរទៀត ដែលត្រូវមាននៅក្នុងខ្លួនរបស់អ្នកសារព័ត៌មានទោះតិចឬច្រើនក្តី ទី១-គឺសន្តិភាពនិយម ,ទី២-គឺ ជាតិនិយម ។ ប៉ុន្តែសូមបញ្ជាក់ ថាមិនមែនជាតិនិយមចង្អៀតចង្អល់ទេ ។ លោកលើកឡើងថា ៖ សន្តិភាពនិយមមានន័យថា អ្នកសារព័ត៌មាននៅពេលដែលយើងធ្វើសេចក្តី រាយការណ៍ឬអត្ថាធិប្បាយ អ្វីក៏ដោយយើងត្រូវ ចៀសវាងនូវចរិកមួយ បំផ្លាញសន្តិភាព ទោះជាក្នុងប្រទេសយើង ក្នុងតំបន់ នៅក្នុងពិភពលោកក៏ដោយ ។ ការបំផ្លាញសន្តិភាព បានន័យថាបើកផ្លូវឲ្យឱ្យមានជម្លោះ ហើយជម្លោះ ជាឈ្នួនផ្ទុះនៃសង្គ្រាម ។ ចំណែកជាតិនិយមវិញ ចង់សំដៅថាយើងស្រឡាញ់ជាតិរបស់យើង ត្រូវតម្កល់ផលប្រយោជន៍ជាតិរបស់យើងជាធំ ដូច្នេះពេលដែលយើងធ្វើសេចក្តីរាយការណ៍ណាមួយ ដែលមិនអាចគ្រោះថ្នាក់ដល់ផលប្រយោជន៍ជាតិ យើងទៅពិចារណា ឱ្យបានមែនទែនដើម្បីជៀសវាង ធ្វើម៉េចកុំឱ្យព័ត៌មានរបស់យើង បំផ្លាញផលប្រយោជន៍ របស់ជាតិ។ លោកបញ្ជាក់ទៀតថា ៖ ជាតិនិយម គួរតែកុំ ប្រើប្រាស់រហូតដល់ជាតិនិយមចង្អៀតចង្អល់ ពីព្រោះវានាំឱ្យយើងចាត់ទុកជាតិសាសន៍ដទៃជាសត្រូវទៅវិញ នេះមិនមែនជាផលប្រយោជន៍សម្រាប់ជាតិយើងទេ ផ្ទុយទៅវិញ វាគឺជា គ្រោះថ្នាក់សម្រាប់ប្រទេសជាតិទៅវិញទេ៕
ដោយ ៖ សិលា