ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ជំរុញឱ្យគ្រប់សាលារៀនទាំងអស់ត្រូវចេះភ្លេងកាយរិទ្ធិ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជននិងកីឡា បានរៀបចំកម្មវិធីប្រកួតក្រុមភ្លេងកាយរិទ្ធិលើកទី១ ក្រោមប្រធានបទ«ភ្លេងក្នុងសន្តិភាព» ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានកាយរិទ្ធិជាតិកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសនោះលោកហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ថា កម្មវិធីប្រកួតក្រុមភ្លេងកាយរិទ្ធិលើកទី១ ក្រោមប្រធានបទ«ភ្លេងក្នុងសន្តិភាព» នាព្រឹកនេះ ត្រូវបានរៀបចំឡើងដើម្បីឧទ្ទិសដល់សន្តិភាព ឧទ្ទិសដល់ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានខិតខំប្រឹងប្រែងបង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាព វិបុលសុខដល់ជាតិ និងប្រជាជនកម្ពុជា។ 

ជាមួយគ្នានេះ កម្មវិធីនេះក៏ជាការលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងកម្មវិធីសិក្សាក្រៅម៉ោង ដែលនឹងជួយអភិវឌ្ឍកាយសម្បទា សុខភាពផ្លូវចិត្ត និងការសិក្សារៀនសូត្រប្រកបដោយប្រសិទ្ធភាព ស្របតាមគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការអប់រំយុវជនដែលជាអ្នកបន្តវេនលើផ្នែកវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ឱ្យក្លាយជាធនធានមនុស្សក្នុងសតវត្សទី២១។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ជំរុញឱ្យគ្រប់សាលារៀនទាំងអស់ត្រូវចេះភ្លេងកាយរិទ្ធិ និងបានលើកទឹកចិត្តឱ្យយុវជនកាយរិទ្ធិជាតិកម្ពុជា បន្តការហ្វឹកហាត់របស់ខ្លួន និងជួយបង្រៀនទៅដល់យុវជនដទៃទៀតដើម្បីធានាឱ្យបាននូវនិរន្តរភាព និងការរីកចម្រើននៃភ្លេងកាយរិទ្ធិកម្ពុជា។

គួរបញ្ជាក់ថា ក្រុមភ្លេងកាយរិទ្ធិ ដែលបានចូលរួមប្រកួតដណ្តើមជ័យលាភីមានចំនួន៨ក្រុម មកពី ៦ រាជធានីខេត្ត ចូលរួមប្រកួត ដូចជា៖ រាជធានីភ្នំពេញ ចំនួន៣ក្រុម (កងឯកភាពវិទ្យាល័យវត្តកោះ  វិទ្យាល័យបាក់ទូក និងវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ) ខេត្តកណ្តាល ១ក្រុម ខេត្តសៀមរាប១ក្រុម ខេត្តឧត្តរមានជ័យ១ក្រុម ខេត្តកោះកុង១ក្រុម និងខេត្តរតនគិរី១ក្រុម ៕

ដោយ៖ សូរិយា


ចែករំលែក៖