ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទបានហេីយជិះម៉ូតូបុកកង់បីដួល ពលរដ្ឋចាប់ជាប់២នាក់

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចហើយនារីរងគ្រោះជិះដេញតាមក្រោយស្រែកឆោឡោធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោព្យាយាមជិះម៉ូតូរត់គេចខ្លួនក៏ជ្រុលចង្កូតទៅបុកម៉ូតូកង់បីបណ្តាលឱ្យដួលត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់ប្រគល់ឱ្យសមត្ថកិច្ចដើម្បីសួរនាំ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងបុរីឈូកវ៉ា២ ភូមិតឹក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឆម ធីតា ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យ ១-ឈ្មោះ ជី សម្បត្តិ ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃជី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

២-ឈ្មោះ ហាន កញ្ញា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិដំណាក់ធំ៣ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារីរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CO-4289 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលបំណងទៅផ្សារឈូកវ៉ា២ដើម្បីទិញអីវ៉ាន់ ដោយទុកទូរស័ព្ទម៉ាកអាយហ្វូន១៣ ប្រូម៉េកដាក់ក្នុងហោប៉ៅម៉ូតូខាងមុខ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៣

ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KL-1376 ធ្វើដំណើរមកតាមក្រោយហើយធ្វើសកម្មភាពលូកឆក់យកទូរស័ព្ទបានសម្រេច ហើយភ្លាមៗនោះនារីរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយស្រែឆោឡោធ្វើឱ្យក្រុមជនសង្ស័យភ័យស្លន់ស្លោព្យាយាមជិះម៉ូតូរត់គេចខ្លួនជ្រុលចង្កូតទៅបុកម៉ូតូកង់បីបណ្តាលអោយដួលត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បានប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមដើម្បីសួរនាំបន្ត។

ប្រភពព័ត៌មានបានបន្តទៀតថា បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាបាលសំរោងក្រោមធ្វើការសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅកាន់ផ្នែកនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖