សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤បានផ្សាយថា កាលពីថ្ងៃអាទិត្យនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) បាននិយាយថា កិច្ចប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិកនិងក្រុមប្រទេសលោកខាងលិចដទៃទៀត ក្នុងការបង្កើតក្រុមឃ្លាំមើលថ្មីនៃការអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើង មុខជានឹងទទួលបរាជ័យមិនខាន។
ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក Kim Song បានធ្វើការអត្ថាធិប្បាយដូចខាងលើ ជាការឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍រួមមួយ របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ដែលបានចេញក្នុងសប្តាហ៍នេះ ក្រោមគោលដៅអំពាវនាវឱ្យបន្តកិច្ចការងាររបស់គណៈកម្មការជំនាញ UN មួយ ដែលកន្លងមកមានតួនាទីតាមដានការអនុវត្តទណ្ឌកម្មយូរមកហើយប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ពាក់ព័ន្ធកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៉ីលរបស់ប្រទេសអាស៉ីខាងកើតមួយនេះ។ លោក Kim បាននិយាយដូច្នេះថា «កម្លាំងបច្ចាមិត្ត អាចបង្កើតក្រុមអ្នកជំនាញទី២និងទី៣នៅថ្ងៃខាងមុខ ប៉ុន្តែមុខជានឹងទទួលបរាជ័យទាំងអស់មិនខានឡើយ»។
គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានធ្វើទស្សនកិច្ចទៅកាន់តំបន់ព្រំដែនអន្តរកូរ៉េ DMZ ហើយបានអំពាវនាវឱ្យរុស្ស៉ីនិងចិនឈប់ផ្តល់រង្វាន់តទៅទៀតដល់កូរ៉េខាងជើង សម្រាប់អ្វីដែលលោកស្រីចាត់ទុកជា អាកប្បកិរិយាអាក្រក់របស់ទីក្រុងព្យុងយ៉ាង។ កាលពីចុងខែមីនា រុស្ស៉ីបានបោះឆ្នោតជំទាស់ការផ្តល់អាណត្តិថ្មីប្រចាំឆ្នាំដល់ក្រុមអ្នកជំនាញពហុជាតិមួយ ដែលក្នុងរយៈពេលប្រមាណ ១៥ឆ្នាំមកនេះ បានឃ្លាំមើលការអនុវត្តការដាក់ទណ្ឌកម្មរបស់ UN ដែលមានគោលដៅរឹតត្បិតកម្មវិធីនុយក្លេអ៊ែរនិងមីស៉ីលរបស់កូរ៉េខាងជើង៕ ដោយ៖ ធីរីណា
រូបថត៖ KCNA