ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៤នេះ យ៉ាងហោចណាស់ក៏មាន ក្រសួងចំនួន ៣ រួមមាន ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំត្រីភាគីជាលើកដំបូង ដើម្បីសិក្សាស្វែងយល់ និងធ្វើការរួមគ្នាក្នុងវិស័យទាំង៣ ឱ្យកាន់តែ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
កិច្ចប្រជុំលើកដំបូងនេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម ដោយមានការ អញើញចូលរួមពីរដ្ឋមន្រ្តីទាំង៣រួមមាន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា, រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម លោក ថោ ជេដ្ឋា និងរដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន។
កញ្ញា អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ៖ ការបើកកិច្ចប្រជុំត្រីភាគីជាលើកដំបូងរវាងក្រសួងទាំង៣នាពេលនេះ គឺកិច្ចប្រជុំធ្វើឡើងដើម្បីស្វែងយល់ ពីតម្រូវការ និងសក្ដានុពលនៃក្រសួងទាំង៣ ដើម្បីធ្វើការរួមគ្នាឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ខ្ពស់ឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល។
កញ្ញាបន្ថែមថា ៖ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនេះ ក្រសួងទាំងបីគ្រោងធ្វើកិច្ចប្រជុំ៣ខែម្តង ដោយឆ្លាស់វេនគ្នាដោយកិច្ចប្រជុំទី១ធ្វើនៅក្រសួងកសិកម្ម លើកទី២ អាចធ្វើនៅក្រសួងធនធានទឹក និង លើកទី៣ នៅក្រសួងអភិវឌ្ឍន៍ជនបទវិញម្ដង។
សូមជម្រាបថា ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ដោយជំរុញអនុវត្តវិធានការចាំបាច់ ដោះស្រាយបញ្ហាប្រឈមនានា ជូន ប្រជា កសិករ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម សន្តិសុខស្បៀង និងនិរន្តរភាព សំដៅលើកស្ទួយ សេដ្ឋកិច្ចគ្រួសារកសិករ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ក្នុងកម្មវិធី គោល នយោបាយ អាទិភាព ទី៥ និងទី៦ សម្រាប់វិស័យកសិកម្ម ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃ កម្ពុជា សម្រាប់វិស័យកសិកម្មនេះរួមមាន៖ ១.លើកស្ទួយនិង រក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធី ហិរញ្ញប្បទាន ។
២.ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ ។
និង ៣. អភិវឌ្ឍន៍ សហគមន៍ កសិកម្ម ទំនើប។
សូមបញ្ជាក់ថា ៖ ក្រោយពីជ្រើសរើសបានមន្ត្រីកសិកម្មឃុំ ចំនួន ២៥០រូប រួចមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំវគ្គបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេស កសិកម្មរយៈពេលពេញមួយខែកុម្ភៈ។ បន្ទាប់មក នឹងរៀបចំដាក់ពង្រាយមន្ត្រីកសិកម្មឃុំទាំង២៥០រូប ដែលបណ្តុះបណ្តាលបំប៉ន បន្ថែមលើជំនាញសំខាន់ៗមួយចំនួនរួមមាន៖ ១/ វិធីសាស្រ្តក្នុងការប្រមូល ទិន្នន័យ ជាពិសេស ទិន្នន័យពាក់ព័ន្ធនឹង វិស័យកសិកម្ម, ទី២/ បច្ចេកទេស កសិកម្ម និងទី៣/ វីធីសាស្ត្របង្រៀន និងការសម្របសម្រួលជាមួយប្រជាកសិករនៅខេត្តចំនួន ១៧ ដែលមានសកម្មភាពសក្តានុពលកសិកម្ម ជាពិសេសតំបន់ដែលមានកសិផលស្រូវ។
មន្ត្រីកសិកម្មឃុំ បានប្តេជ្ញាខិតខំជួយ គាំទ្រដល់ប្រជាកសិករឱ្យមានភាពកក់ក្តៅ និងមានជីវភាពធូរធារ តាមរយៈ ការងារស្នូលចំនួន ៤ រួមមាន៖ ទី១/ កំណត់បញ្ហាប្រឈម និងតម្រូវការរបស់ ប្រជាកសិករ, ទី២/ លើកយកបញ្ជ ដើម្បីស្វែងរកដំណោះស្រាយពីស្ថាប័ន ជំនាញ និងអ្នកពាក់ព័ន្ធ ជូនប្រជាកសិករ, ទី៣/ សម្របសម្រួល និងដឹកនាំរក ដំណោះស្រាយជូនប្រជាកសិករ និងទី៤/ គាំទ្រសហគមន៍កសិកម្ម ដើម្បី ផ្សារភ្ជាប់ទីផ្សារ ៕
ដោយ ៖ សិលា