ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញវិធានការ៥ចំណុច ដើម្បីទប់ស្កាត់បាតុភាពអវិជ្ជមាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានទទួលព័ត៌មានអំពីការត្អូញត្អែររបស់មាតាបិតា អ្នកអាណាព្យាបាល សិស្សមួយចំនួនពាក់ព័ន្ធនឹងការលំបាកក្នុងការរ៉ាប់រងចំណាយលើការរៀនបន្ថែមក្រៅម៉ោង (រៀនគួរ) របស់កូនៗ ទាំងនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ព្រមទាំងបានភ្ជាប់ទៅនឹងបាតុភាពអវិជ្ជមាន ដែលបង្កឡើងដោយ សកម្មភាពបង្រៀនគួរ ដូចជាការចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំឆមាសនូវលំហាត់ ឬខ្លឹមសារ ដូចទៅនឹងការ បង្រៀនគួររួច ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្សមិនបានរៀនគួរ និងជាពិសេសបង្កើតគម្លាត វិសមភាពយ៉ាងច្រើនសម្រាប់កុមារក្រីក្រជួបការលំបាក ដែលគ្មានលទ្ធភាពរៀនគួរបន្ថែម។

កន្លងមក ក្រសួងបានចេញសេចក្តីណែនាំផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និង ផ្លាស់ប្តូរវប្បធម៌សាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូនៅទូទាំងប្រទេស សេចក្តីណែនាំស្តីពីការ អនុវត្តកម្មវិធីក្រៅម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈគំរូ ក្នុងគោលដៅបង្កើន ម៉ោងសិក្សាយ៉ាងតិច ២ ម៉ោងក្នុងមួយថ្ងៃ និងសេចក្តីណែនាំស្តីពី ការពង្រឹងយន្តការរង្វាយតម្លៃលទ្ធផលសិក្សា របស់សិស្សនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីធានាឱ្យបាននូវសង្គតិភាពស្តង់ដានៃរង្វាយតម្លៃលទ្ធផល សិក្សារបស់សិស្សនៅកម្រិតសាលារៀន រួចមកហើយ។

ដើម្បីអនុវត្តសេចក្តីណែនាំដូចបានរៀបរាប់ខាងលើឱ្យមានប្រសិទ្ធភាព និងទប់ស្កាត់បាតុភាពអវិជ្ជមាន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ក្រសួងសូមដាក់ចេញនូវវិធានការដូចខាងក្រោម៖

១. គ្រូបង្រៀនត្រូវអនុវត្តតាមកម្រងភារកិច្ចរបស់គ្រូបង្រៀន ដែលគណៈគ្រប់គ្រងសាលារៀនបានរៀបចំ ដើម្បីធានាឱ្យបាននូវការបង្រៀននិងរៀនប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន

២- គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំ និងអនុវត្តតេស្តស្តង់ដាសម្រាប់ការប្រឡងគ្រប់ប្រភេទ និង ពង្រឹងការរៀននិងបង្រៀន ដើម្បីលើកកម្ពស់គុណភាពអប់រំ

៣- គ្រឹះស្ថានសិក្សាសាធារណៈមិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀនឬលំហាត់

បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡង

៤- គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំនិងអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សា យ៉ាងតិច ២ម៉ោងបន្ថែម

៥.មាតាបិតាត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យនិងលើកទឹកចិត្តឱ្យកូនធ្វើស្វ័យសិក្សានិងរៀនសូត្រនៅផ្ទះ។

ក្រសួងអប់រំ យុវជន និងកីឡាសូមស្នើឱ្យមាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង សាធារណជនទាំងអស់ ចូលរួមតាមដាន ចូលរួមគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ ប្រកបដោយវិជ្ជាជីវៈ ព្រមទាំងគ្រប់គ្រងដំណើរការសាលារៀនប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ៕ 

ដោយ ៖ សិលា


ចែករំលែក៖