ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំក្រសួងអប់រំនិងក្រសួងប្រៃសណីយ៍ទស្សន កិច្ចពិនិត្យកម្មវិធីសាកល្បងថ្នាក់ឌីជីថលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព

ចែករំលែក៖

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ លោកស្រីគឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកសុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំប្រតិភូ ធ្វើទស្សនកិច្ចពិនិត្យកម្មវិធីសាកល្បងថ្នាក់ឌីជីថលជំរុញការសិក្សាតាមប្រព័ន្ធឌីជីថល នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព។  

កម្មវិធីសាកល្បងថ្នាក់ឌីជីថលនេះ ត្រូវបានដំណើរការក្រោមកិច្ចសហការរវាង វិទ្យាល័យ ហ៊ុន សែន សេរីភាព ជាមួយស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ចាប់តាំង ពីឆ្នាំ២០២០ ក្នុងគោលបំណងរួមចំណែកជំរុញការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាប័ន្ន និងសិក្សាពេញមួយជីវិត ឆ្ពោះទៅយុគសម័យឌីជីថល និងគាំទ្រដល់ដំណើរការអប់រំតាមបែបស្វ័យសិក្សា សម្រាប់សិស្សានុសិស្សនៅគ្រប់ភូមិសិក្សា គ្រប់កម្រិតថ្នាក់ តាមពេលវេលា និងទីកន្លែងដែលសមស្រប។ 

កម្មវិធីនេះជាការបន្ថែមជម្រើសនៃការសិក្សា សម្រាប់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ និងជាពិសេសបង្កើតឧបករណ៍ស្វ័យសិក្សាតាមប្រព័ន្ធឌីជីថល ដែលមានលក្ខណៈសម្បូរបែប ទូលំទូលាយ និងបត់បែនផ្តល់ងាយស្រួលសម្រាប់សិស្សានុសិស្សគ្រប់ៗរូប៕

ដោយ៖ សូរិយា


ចែករំលែក៖