ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ការចេញមុខមកប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ ពីសន្ដានជួជាតិរបស់អ្នកនយោបាយក្បត់ជាតិ

ចែករំលែក៖

ភ្នំពេញ ៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅពេលដែលលេចចេញជារូបរាងឡើង នឹងក្លាយជាព្រែកជីកប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យ ដែលបានកើតឡើងនៅក្នុងសម័យសន្តិភាពមួយពេញលេញ ដែលយើងនឹងទទួលបានក្រោយពីបាត់បង់សន្តិភាពអស់រយៈពេលជិត ៥០០ ឆ្នាំកន្លងមក។ ជាពិសេសគឺគម្រោងនេះបានកើតឡើងនៅក្នុងសម័យតេជោសែន ដែលគ្មានមេដឹកនាំជំនាន់ណាអាចធ្វើបានឡើយ ចាប់តាំងពីក្រោយសម័យអង្គរក្នុងសតវត្សទី១១ មក។

ទោះបីប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស គ្រប់និន្នាការ គ្រប់មជ្ឈដ្ឋាន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោក្តី ប៉ុន្តែមានអ្នកនយោបាយចាស់វស្សា ដែលជាប់ឈ្មោះជាជនក្បត់ជាតិ និងបក្ខពួកមួយតំបរស្វា បានចេញមុខមកប្រឆាំងនឹងគម្រោងនេះ ដោយចោទប្រកាន់លើរូបភាពអវិជ្ជមានផ្សេងៗ ក៏ដូចជាចោទប្រកាន់ពាក់ព័ន្ធនឹងវត្តមាននាវាចម្បាំងចិននិងធ្វើដំណើរតាមព្រែកជីកនេះ ដើម្បីទៅកាន់ប្រទេសវៀតណាមជាដើម។ ដូច្នេះហើយ យើងចង់ចោទជាសំណួរថា តើព្រែកជីកហ្វូណនតេជោនេះ សម្រាប់បម្រើដល់ការចល័តកងទ័ពចិន ដើម្បីវាយប្រហារប្រទេសវៀតណាមឬ? តើនោះវាជាការចាំបាច់និងត្រឹមត្រូវទេ? ការលើកឡើងបែបនេះ វាហាក់ដូចជាឆោតល្ងង់ពេកហើយ ព្រោះបើយើងសិក្សាពីទីតាំងភូមិសាស្ត្រ ប្រទេសចិនមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមភាគខាងជើង តើចាំបាច់អ្វីដែលប្រទេសចិនត្រូវលើកកងទ័ពចូលមកទឹកដីកម្ពុជា ដើម្បីវាយប្រហារប្រទេសវៀតណាម។ សំនួរសួរថា ហេតុអ្វីមិនវាយប្រហារចូលពីព្រំដែនចិន តាមច្រកព្រំដែនគោករបស់ប្រទេសវៀតណាមភាគខាងជើងតែម្ដងទៅ? ការធ្វើបែបនេះ វាចំណេញទាំងពេលវេលា និងថវិកា ងាយស្រួលជាងការវាយប្រហារតាមផ្លូវទឹក ដោយចេញពីទឹកដីប្រទេសកម្ពុជាទៅទៀត។ ម្យ៉ាងវិញទៀត គឺប្រទេសចិនអាចវាយប្រហារតាមផ្លូវទឹក ចេញពីសមុទ្រចិនខាងត្បូង ដោយត្រង់តែម្ដងក៏បានប្រសិនបើចិនចង់។ នេះជាការយល់ដឹងពីយុទ្ធសាស្រ្តសង្គ្រាម ព្រោះបើនិយាយអំពីសមុទ្រចិនខាងត្បូងវិញ គឺស្ថិតនៅជិតប្រទេសវៀតណាមបំផុត ដែលចិនអាចប្រើបានគ្រប់មធ្យោបាយទាំងអស់យ៉ាងលឿន។

ការលើកឡើងរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូច ដែលប្រឆាំងទៅនឹងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ វាយប្រហារលើគម្រោងព្រែកជីកហ្វូណនតេជោ គឺយើងអាចយល់ឃើញបានថា ក្រុមនេះមិនមែនមិនយល់ទេ តែពួកគេគិតថា ខ្លួនគ្មានវាសនាបានវិលត្រឡប់មកធ្វើនយោបាយវិញ ដូច្នេះពួកគេមានតែផ្លូវមួយគត់ គឺប្រឆាំងផ្កាប់មុខ ដើម្បីផ្គាប់ចិត្តចៅហ្វាយបរទេស និងដើម្បីតែប្រាក់ខែ និងប្រាក់កម្រៃបន្តិចបន្តួច គ្រាន់រស់កំដរជីវិត រហូតដល់ថ្ងៃស្លាប់តែប៉ុណ្ណោះ។ ចំណុចដែលគួរឲ្យចង់សើចនោះគឺ កាលពីមុនក្រុមប្រឆាំងតែងតែស្រែកក្តែងៗ និងវាយប្រហារដោយឥតសំចៃមាត់ មកលើរាជរដ្ឋាភិបាលកម្ពុជាថា មេដឹកនាំខ្មែរត្រូវបានលើកបន្តុបដោយយួន រដ្ឋាភិបាលក្បាលយួនខ្លួនខ្មែរ និងជារដ្ឋាភិបាលអាយ៉ងជាដើម។ ចុះដល់ពេលនេះ តើអ្នកណាជាយួន អ្នកណាជាខ្មែរឲ្យពិតប្រាកដ? បើពេលនេះទាំងថ្នាក់ដឹកនាំ និងប្រជាជនខ្មែរស្ទើរតែគ្រប់ទិសទី ទាំងក្នុងស្រុកនិងក្រៅស្រុកត្រេកអរ និងរង់ចាំយ៉ាងអន្ទះសារនូវសមិទ្ធផលជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន ក្រោមគំនិតដូចផ្តើមរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំប្រឹងប្រែងបង្កើតគម្រោងព្រែកជីកហ្វូណនតេជោ នេះឡើង។ ប៉ុន្តែបែរជាពួកអគតិដែលមាន សម រង្ស៊ី ជាមេញុះញង់ មិនគិតពីផលប្រយោជន៍ជាតិ ទៅគិតពីផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសជិតខាងទៅវិញ។ តើនេះឬជាអ្នកស្នេហាជាតិពិតប្រាកដនោះ? ហើយពេលនេះតើអ្នកណាក្បាលយួនខ្លួនខ្មែរឲ្យពិតប្រាកដ? បើសិនជាពួកគេឆ្លាត គេគួរតែគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោនេះ ដើម្បីចាប់យកឪកាស និងប្រជាប្រិយភាពខ្លះ ពីប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស។

ព្រែកជីកហ្វូណនតេជោនេះ នឹងផ្តល់ផលប្រយោជន៍ដ៏ច្រើនមហាសាល គឺនៅពេលដែលព្រែកជីកនេះជីករួចដាក់ឲ្យដំណើរការនោះ ប្រជាជនខ្មែរអាចមានមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកថ្មីមួយទៀត ក៏ដូចជាការប្រកបរបររកស៊ី បង្កបង្កើនផល ធ្វើនេសាទត្រី ដោយអាចទាញយកបាននូវផលប្រយោជន៍ជាច្រើនពីព្រែកជីកនេះ។ បើតាមការព្យាករណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ប្រជាជនអាចនេសាទត្រីក្នុងមួយឆ្នាំ បានយ៉ាងតិច ៥៤០ តោន ឬក៏ច្រើនជាងនេះ នៅក្នុងគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង១៨០ គីឡូម៉ែត្រ។

មិនត្រឹមតែប៉ុណ្ណោះ ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក នឹងកាត់បន្ថយបានយ៉ាងច្រើនទាំងពេលវេលា និងថវិកា មិនបង្កការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថាន ដោយសាររថយន្តដឹកទំនិញ ចំណេញថវិកាក្នុងការជួសជុលផ្លូវ ពិសេសទៅទៀតនោះ គឺយើងមិនព្រួយបារម្ភអំពីការធ្វើពាណិជ្ជកម្ម ដោយពឹងពាក់ទាំងស្រុងលើប្រទេសជិតខាងនោះទេ។តើនេះមិនមែនជាវិធីសាស្រ្ត និងមធ្យោបាយល្អសម្រាប់ប្រទេសជាតិយើងទេឬ? ដូច្នេះក្នុងនាមយើងជាប្រជាជនខ្មែរ យើងត្រូវតែគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាល ដើម្បីសម្រេចឲ្យបាននូវការជីកព្រែកជីកហ្វូណនតេជោនេះ ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ព្រោះគម្រោងនេះ គឺជាការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីសម្រាលក៏ដូចជាជួយដោះស្រាយជីវភាពប្រជាជនក្នុងពេលដែលពិភពលោកកំពង់តែជួបវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅតាមបណ្តាប្រទេសផ្សេងៗ៕

ដោយ៖ ជា ឧត្តម


ចែករំលែក៖