ខេត្តសៀមរាប ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអមដំណេីរលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញទស្សនកិច្ចអង្គភាពផ្តល់សេវាសាធារណៈគំរូចំនួន ២កន្លែងក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត និងដើម្បីចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូពេទ្យ និងលោកគ្រូ អ្នកគ្រូបង្រៀន ក៏ដូចជាចុះពិនិត្យដោយផ្ទាល់នៅកន្លែងកំពុងបម្រើការងារក្នុងការផ្តល់ការពិនិត្យ ថែទាំ និងព្យាបាលសុខភាពជូនដល់ប្រជាពលរដ្ឋ ព្រមទាំងសកម្មភាពបង្ហាត់បង្រៀនសិស្សានុសិស្សផងដែរ។
ស្របពេលដែលសិក្ខាសាលាថ្នាក់តំបន់ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងនីតិវិធីនានាបាននិងកំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានអញ្ជើញចុះទស្សនកិច្ចផ្ទាល់នៅអង្គភាពផ្តល់សេវាសាធារណៈ ចំនួន២ មានមណ្ឌលសុខភាពគោកចក និងអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ដែលជាអង្គភាពទទួលជ័យលាភីចំណាត់ថ្នាក់លេខ២។
សូមបញ្ជាក់ថា មណ្ឌលសុខភាពគោកចក និងអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានឱកាសបានចូលរួមប្រឡងប្រណាំងក្នុងការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលបានបង្កើតឡើងដោយរាជរដ្ឋាភិបាល។ អង្គភាពដែលចូលរួមត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ លើគោលការណ៍សុក្រឹត្យភាព តម្លាភាព និងសមិទ្ធិកម្ម របស់អង្គភាពផ្តល់សេវាពីគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាគំរូថ្នាក់ជាតិ ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។ ការវាយតម្លៃត្រូវផ្តោតលើគោលការណ៍លក្ខណៈវិនិច្ឆ័យចំនួន៨។ ក្នុងនោះ មណ្ឌលសុខភាព គោកចក និងអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានកិត្តិយសទទួលជ័យលាភីចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស៕
ដោយ ៖ សិលា