ភ្នំពេញ ៖ បុរស២នាក់ផ្សេងគ្នា សុទ្ធតែចិត្តខ្លាំងដូចគ្នា ក្រោយពីផ្ទុះជម្លោះជាមួយប្រពន្ធ តូចចិត្តខ្លួនឯង យកកន្ត្រៃ កូនកាំបិត ចាក់ក ចាក់ពោះ ប៉ុនប៉ងសម្លាប់ខ្លួនដូចគ្នា ក្នុងពេលតែមួយ កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ កើតឡើងនៅតាមផ្លូវបេតុងក្រុម៤ ភូមិព្រៃព្រីងជើង២ និងមួយករណីទៀត នៅមុខចេតីយ៍ ក្នុងវត្តជម្ពូវ័ន ភូមិជម្ពូវ័ន១ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ករណីទី១. ជនរងគ្រោះមានឈ្មោះ សុខ ចាន់ដារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន) មុខរបររត់ម៉ូតូកង់បី ស្នាក់នៅជាមួយបងប្រុស ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ បើតាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកម៉ូតូកង់បី ពណ៌លឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-5149 ដឹកប្រពន្ធ បើកតាមផ្លូវបេតុងពីលិចទៅកើតសុខៗ ស្រាប់តែផ្ទុះជម្លោះជាមួយប្រពន្ធ ដោយខឹងប្រពន្ធដៀលត្មេះ តូចចិត្តខ្លួនឯង យកកន្ត្រៃចាក់ក ចាក់ដៃ ពោះខ្លួនឯង ឈាមហូរស្រោចខ្លួន បង្កឱ្យភ្ញាក់ផ្អើល ប្រពន្ធរត់គេចទៅបាត់ ជនរងគ្រោះទុកម៉ូតូកង់បីចោល ដើរទៅផ្ទះក្បែរនោះបាត់ ធ្វើឱ្យបងប្អូនហួសចិត្ត លួងនាំទៅពេទ្យ ។
ករណីទី២. កើតឡើងដំណាលគ្នាដែរនោះ ជនរងគ្រោះ មានឈ្មោះ ពុធ សីហា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅក្រុងដូនកែវ ខេត្តតាកែវ ។ ជនរងគ្រោះទី២នេះ កន្លងមកធ្លាប់ប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនម្តងហើយ តែបងប្អូនជួយទាន់ ស្រាប់តែនៅរសៀលថ្ងៃកើតហេតុ ជនរងគ្រោះផ្ទុះជម្លោះជាមួយប្រពន្ធ ខឹងប្រពន្ធ បងប្អូនស្តីបន្ទោស រឿងមិនខំប្រឹងធ្វើការងារ កន្លង ទាញម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JI-4463 ជិះចូលទៅក្នុងបរិវេណវត្តជម្ពូវ័ន ចូលដល់ឈាបនដ្ឋាន ទាញកូនកាំបិតចុងស្រូច ចាក់ពោះខ្លួនឯង ច្រើនកាំបិត ប៉ុនប៉ងសម្លាប់ខ្លួន តែមិនស្លាប់ ឈាមហូរស្រោច ផ្អើលកម្មករសំណង់ ព្រះសង្ឃ ហើយត្រូវបានបងប្អូនទៅដល់ ដឹកតាមម៉ូតូកង់បី យកទៅគ្លីនិកឡាំប៊ុនថន ។
ករណីចាក់ខ្លួនឯង ប៉ុនប៉ងសម្លាប់ខ្លួន ២ករណីផ្សេងគ្នា ក្នុងពេលតែមួយ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដូចគ្នា ជនរងគ្រោះទាំង២នាក់ រងរបួសធ្ងន់ដូចគ្នា បងប្អូនយកទៅពេទ្យដោយខ្លួនឯង ៕
ដោយ៖សុខាសែនជ័យ