ខេត្តសៀមរាប៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានណែនាំបន្ថែមដល់សហគមន៍ ត្រូវពិនិត្យឡើងវិញ និងកែសម្រួលផែនការវិនិយោគរបស់សហគមន៍ទំនើប ទៅតាមស្ថានភាពពិតរបស់សហគមន៍។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី បានធ្វេីឡើងនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបសសី ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៨ ខែឧសភាម្សិលមិញនេះ។
ក្នុងបេសកកម្មនេះ លោករដ្ឋមន្ត្រី បានចុះពិនិត្យស្ថានភាពទីតាំងដីផលិតកម្មសហគមន៍ជាក់ស្តែង ហើយបន្តជួបសំណេះសំណាលជាសមាជិកសហគមន៍ ដើម្បីឈ្វេងយល់ពីបទពិសោធនប្រតិបត្តិការរបស់ក្រុមបណ្តុំ មុនចងក្រងជាសហគមន៍កសិកម្មទំនើបនេះ។
នាឱកាសនោះ លោករដ្ឋមន្ត្រី បានណែនាំដល់សហគមន៍កសិកម្មនេះ ដែលទើបបានបង្កើតថ្មីនេះចាប់ផ្តើមសាកល្បងធ្វើផ្ទះសំណាញ់ដែលនៅក្បែរទឹក និងងាយចុះប្រមូលទិញ ពីមួយហិកតាសិន ដោយសារបញ្ហាខ្វះទឹក និងមិនទាន់អាចវាយតម្លៃអំពីប្រភេទដំណាំដែលមានសក្តានុពលនៅលើដីនេះ ដែលទាមទារត្រូវធ្វើទៅតាមទម្រង់ណាដែលអាចធ្វើទៅរួច និងមិនប្រថុយប្រថាន ហើយអាចគ្រប់គ្រងបាន។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ថា សហគមន៍ត្រូវយកចិត្តទុកដាក់ពិនិត្យបន្ថែមលើការចូលរួមរបស់សហគមន៍ កម្លាំងសមាជិក និងការគ្រប់គ្រងឱ្យបានល្អ ដើម្បីធានាភាពជោគជ័យ ផ្តល់ផលចំណេញដល់សមាជិក ស្របតាមគោលដៅនៃកម្មវិធីគោលនយោបាយ៕
ដោយ៖ តារា