ព័ត៌មានទាន់ហេតុការណ៍៖

ដាច់ភ្លើងស្ទើរទូទាំងប្រទេស បង្កឡើងដោយរលកកម្ដៅខុសប្រក្រតីនៅម៉ិចស៊ីកូ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ទី៩ ខែឧសភាឆ្នាំ២០២៤ ប្រធានាធិបតីម៉ិចស៉ិក លោក Andres Manuel Lopez Obrador បានឱ្យដឹងកាលពីថ្ងៃទី៩ ខែឧសភាថា ការដាច់ចរន្តអគ្គិសនីស្ទើរតែទូទាំងប្រទេស បង្កឡើង ដោយសារតែអាកាសធាតុក្តៅខ្លាំងខុសប្រក្រតី ខណៈដែលលោកបានធានាដល់អ្នកប្រើប្រាស់ថា រដ្ឋមានសមត្ថភាពពេញលេញក្នុងការផលិតថាមពលរបស់បណ្តាញអគ្គិសនីជាតិ។
រដ្ឋចំនួន២០ក្នុងចំណោមរដ្ឋទាំង៣២របស់ម៉ិចស៉ិក បានទទួលរងផលប៉ះពាល់ពីការដាច់ចរន្តអគ្គិសនីកាលពីថ្ងៃអង្គារ ហើយគិតត្រឹមព្រឹកថ្ងៃពុធសប្តាហ៍នេះ ថាមពលអគ្គិសនីជាតិសរុបមានប្រហែល ៤៤.៩ ជីហ្គាវ៉ាត់ (GW) ដែលនៅក្រោមតម្រូវការសរុប ៤៥GW។ ដោយចង់សំដៅទៅលើការកើនឡើងកម្តៅខុសប្រក្រតី លោក Lopez Obrador បានគូសបញ្ជាក់ថា «នេះជាស្ថានភាពដែលកើតឡើងដោយនឹកស្មានមិនដល់។ ប៉ុន្តែយើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាព ពិសេសដែលយើងកំពុងដោះស្រាយ»។ លោក Lopez Obrador បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់រដ្ឋាភិបាលថា រដ្ឋាភិបាលរបស់លោកក៏នឹងសម្របសម្រួលជាមួយវិស័យឯកជន ដែលទទួលខុសត្រូវលើការផលិតថាមពលអគ្គិសនី ប្រហែលពាក់កណ្តាលរបស់ប្រទេសម៉ិចស៉ិកផងដែរ។
ការដាច់ភ្លើងកាលពីថ្ងៃអង្គារ កើតមានឡើងចំពេលដែលមួយផ្នែកធំនៃប្រទេសម៉ិចស៉ិកក៏កំពុងប្រឈមនឹងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ រួមទាំងសង្កាត់ធំៗ នៅក្នុងរដ្ឋធានីម៉ិចស៉ីកូស៊ីធីផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​៖ AFP


ចែករំលែក៖